(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heitd ថា ករណីតុលាការរំលាយគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ គឺធ្វើតាមច្បាប់ប៉ុណ្ណោះ។
សម្តេចក្រឡាហោម បានបញ្ជាក់បែបនេះ ក្រោយពេលដែល ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយបានសម្តែង ការព្រួយបារម្ភ អំពីស្ថានភាពនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា គ្រាដែលមានការរំលាយ គណបក្សសង្រ្គោះជាតិ។
សម្តេច ស ខេង បានបន្តទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសឯករាជ្យភាព អធិបតេយ្យភាព ដូច្នេះអ្វីដែលក្រសួងមហាផ្ទៃ ធ្វើនាពេលបច្ចុប្បន្ន គឺធ្វើឡើងតាមនីតិវិធីច្បាប់ និងពង្រឹងនីតិវិធីច្បាប់ប៉ុណ្ណោះ។ មួយវិញទៀត ក្រសួងមហាផ្ទៃ បានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគួរដ៏ល្អ ដើម្បីលើកស្ទួយ វិស័យនានានៅប្រទេសកម្ពុជា។ ប៉ុន្តែអង្គការសង្គមស៊ីវិលទាំងនោះ ត្រូវតែគោរព និងចាត់ទុកក្រសួងមហាផ្ទៃជាដៃគួរដ៏ល្អផងដែរ។
សូមបញ្ជាក់ថា នៅក្នុងជំនួបនោះភាគីទាំងពីរបានបញ្ជាក់ថា នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាដដែល ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីស្តី អំពីការទប់ស្កាត់ការជូញដូរមនុស្ស និងប្រឆាំងភេរវកម្មជាដើម។ អាមេរិកពិតជាអគុណដល់កម្ពុជា ដែលបានទប់ស្កាត់នូវជនជាតិអាមេរិកចំនួន១៣នាក់ មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន ដោយសារតែ ជនទាំង១៣នាក់នោះ បានប្រព្រឹត្ត អំពើអនាចារចំពោះកុមារ៕