រាជរដ្ឋាភិបាល នឹងរៀបចំពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេសកម្ពុជា នៅប្រាសាទអង្គរវត្ត នៅដើមខែធ្នូ ឆ្នាំ២០១៧
21-11-2017 18:14
(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើនជូនព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះនឹងមានការនិមន្តចូលរួមដោយព្រះសង្ឃ និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាច្រើនពាន់អង្គ/នាក់។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច បានឲ្យដឹងក្នុងដំណើរចុះពិនិត្យទីតាំងរៀបចំពិធីនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា ដោយអនុវត្តតាមមតិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនប្រទេស និងប្រជាពលរដ្ឋកម្ពុជា។ រាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ការរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅលើទឹកដីអង្គរនេះ តាមការលើកឡើងរបស់លោកស្រី ម៉ែន សំអន ព្រោះថាអង្គរជាទឹកដីអច្ឆរិយៈ មានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបុព្វបុរសសម័យមុនបន្សល់ទុក។ ដូច្នេះពិធីបួងសួងនេះ ក្រៅពីសេចក្តីសុខចម្រើនសម្រាប់កម្ពុជា និងប្រជាពលរដ្ឋ ក៏ជាការដឹងគុណដល់បុព្វបុរស ដែលបន្សល់ទុកនូវប្រាង្គប្រាសាទបុរាណរាប់ពាន់ ដែលកម្ពុជាត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង់ដើម្បីជាការដឹងគុណផងដែរ។
ក្នុងពិធីចុះពិនិត្យទីតាំងដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ដែលគ្រោងធ្វើនៅដើមខែធ្នូ ខាងមុខ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះដែរ មានការចូលរួមពីលោកស្រី ម៉ែន សំអន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំមួយចំនួនទៀត។
គួរបញ្ជាក់ថា ក្នុងពិធីបួងសួងនោះដែរ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងមានការរាប់បាត្រ ដោយមានព្រះសង្ឃចំនួន ៥០០០អង្គ។
តាមរយៈនេះ លោកស្រី ម៉ែន សំអន បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋឱ្យចូលរួមអបអរសាទរ ដើម្បីទទួលកុសលផលបុណ្យរៀងៗខ្លួន៕