(ភ្នំពេញ)៖ គិតត្រឹមខែតុលា ឆ្នាំ២០១៧ ប្រទេសកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤៣ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូបានជាង១៦ម៉ឺនហិកតា និងចំការកៅស៊ូកំពុងថែទាំជិត២៧ម៉ឺនហិកតា។ នេះបើតាមរបាយកាណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលនៅថ្ងៃទី២១ ខែវិច្ឆិកានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា នៅរយៈពេល១០ខែ ឆ្នាំ២០១៧ (មករា ដល់តុលា) ជ័រកៅស៊ូដែលផលិតបានចំនួន១៣៦,៧៧៧តោន កើនឡើងចំនួន៣៦,៦៧០តោន ស្មើនឹង៣៧ភាគរយ។ ខណៈការនាំចេញជ័រកៅស៊ូ បានជាង១៣០,៧២៨តោន កើនឡើងចំនួន៣០,៨៧០តោន ស្មើនឹង៣១ភាគរយ។
បើតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៧នេះ តម្លៃជ័រកៅស៊ូជាមធ្យមថ្លៃ ១៦៥៥ដុល្លារក្នុង១តោន ដូច្នេះរយៈពេល១០ខែមកនេះ កម្ពុជាទទួលបានចំណូលជាង២០០លានដុល្លារពីការនាំចេញជ័យកៅស៊ូ៕