(កំពត)៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ចាន់ ចេស្តា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងអភិបាលខេត្តកំពត បានជួបសំណេះសំណាជាមួយសមាជិក អតីតគណបក្សសង្គ្រោះជាតិ ចំនួន៨នាក់ ក្នុងនោះស្រីម្នាក់ ដែលបានស្នើសុំចូលរួមជីវភាពគណបក្សប្រជាជនកម្ពុជា នៅស្រុកជុំគិរី។

ថ្នាក់ដឹកនាំមូលដ្ឋានដែលត្រូវបានអនុញ្ញាតឲ្យ ចូលជួបសម្តែងការគួរសម​ជាមួយលោក ចាន់ ចេស្តា នារសៀលថ្ងៃនេះ រួមមាន៖  
ទី១៖ លោក ជិន អឿន សមាជិកក្រុមប្រឹក្សាស្រុកជុំគីរី និងអតីតប្រធានប្រតិបត្តិស្រុកជុំគីរី
ទី២៖ លោក ខាន់ អឿន សមាជិកក្រុមប្រឹក្សាស្រុកជុំគីរី
ទី៣៖ លោក នាក់ សារ៉ាន ជំទប់ទី១ ឃុំស្នាយអញ្ជិត
ទី៤៖ លោក មាស សាំង សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរាំង
ទី៥៖ លោក ឡុង សុគា ជំទប់ទី២ ឃុំស្រែក្នុង
ទី៦៖ លោក ជា កន សមាជិកក្រុមប្រឹក្សាឃុំស្រែសំរោង
ទី៧៖ លោកស្រី ឃុត លៀង ជំទប់ទី១ ឃុំស្រែក្នុង
ទី៨៖ លោក សិន ផានិត ជំទប់ទី១ ឃុំជម្ពូវ័ន្ធ។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មីទាំងនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕​