(កំពង់ឆ្នាំង)៖ ក្រុមហ៊ុន ហ៊ួរវ័យ ជាក្រុមហ៊ុន ឈានមុនផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យាលើពិភពលោក និងជាក្រុមហ៊ុនដែលទើបនឹង ឡើងកូដផ្នែកស្មាតហ្វូន ឈរលើលំដាប់លេខ ២ ថ្មីនេះ បានចូលរួមក្នុងពិធីសម្ពោធដាឲ្យប្រើប្រាស់ «អណ្តូងទឹកសម្តេចតេជោ» ចំនួន៥០អណ្តូង ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លី អាន អគ្គកុងសុលផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន, លោកអភិបាលខេត្តកំពង់ឆ្នាំង រួមទាំង ភ្ញៀវ កិត្តិយស លោក លោកស្រី អ្នកសារព័ត៌មាន និងប្រជាជនកម្ពុជាប្រមាណ ៣០០នាក់។
អណ្តូងសរុបចំនួន៥០ ត្រូវបានបែងចែកដល់៥ ខេត្តដែលខ្សត់ប្រភពទឹក ឆ្ងាយៗ បានសាងសង់នៅក្នុងខេត្តចំនួន៥ មាន ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយខេត្តទទួលបាន ១០ អណ្តូង ដោយប្រសិទ្ធិនាមថា «អណ្តូងទឹកសម្តេចតេជោ»។
លោក ដាវិត លី (David Lixiongwei) អគ្គនាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនហ៊ួរវ័យ តិចណូឡូជី ប្រចាំនៅកម្ពុជា បានថ្លែងថា «កាលពីខែកញ្ញ ឆ្នាំ ២០១៦ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាផ្លូវការជាមួយ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនហ៊ួរវ័យ ប្រចាំពិភពលោកទាំងមូល លោក លី ជីញជី (Li Jinge) ក្នុងជំនួបទ្វេរភាគី និងផ្លូវការ ក្នុងឱកាសពិព័រណ៌ ដ៏ធំប្រចាំឆ្នាំរវាង ចិន និងអាស៊ាន នាទីក្រុងណាន់ណីង ក្រុមហ៊ុនហ៊ួរវ័យ ក្នុងនាមក្រុមហ៊ុន ដែលមានទំនួលខុសត្រូវនៅកម្ពុជា បានបញ្ចាក់និងបង្ហាញជំហរគាំទ្រ និងផ្តល់អំណោយ អណ្តូងទឹកចំនួន៥០ អណ្តូង ដើម្បលើកកំពស់សុខភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជន នៅទីជនបទជូនដល់សម្តេច ក៏ដូចជារាជរដ្នាភិបាលកម្ពុជា ។ ថ្ងៃនេះ គឺជាថ្ងៃដ៏ឧឡារឹក ដែលយើងបានជួបជុំគ្នា នៅទីនេះ ប្រកបដោយមោទនភាព ដើម្បីបំពេញនូវ ការតាំងចិត្តការសន្យា និងមានក្តីរីករាយដែលបានឃើញលទ្ធផល ជាផ្លែផ្កា គឺអណ្តូងទឹកដែលផ្តល់៥០ អណ្តូង ដើម្បីលើកកំពស់សុខភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជននៅតាម ទីជនបទដាច់ស្រយាល!»។
ដោយឡែក លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានថ្លែងថា «ក្នុងនាមសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏សប្បុរស និងថ្លៃថ្លារបស់ក្រុមហ៊ុន ហ៊ួរវ័យ ដែលបានឧបត្ថម្ភថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពិសេស គឺការសាងសង់ «អណ្តូងទឹកសម្តេចតេជោ»។ ជាការពិត ក្រុមហ៊ុន ហ៊ួរវ័យ បានផ្តល់នូវហិរញ្ញប្បទានសម្បទាន ដ៏ច្រើនទាន់ពេលវេលា នៃតម្រូវការជាក់ស្តែង ក្នុងន័យរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើ វិស័យហេដ្ឋាចរនាសម្ព័ន្ធជនបទ នៅពេលនេះ។ ការជួយឧបត្ថម្ភគាំទ្រនេះ គឺជាការរួមចំណែកដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក្នុងខណៈកំពុងមានតម្រូវការចាំបាច់ ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួននោះ។ ជាការពិតការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាកិច្ចការចាំបាច់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពសហគមន៍ សម្រាប់សកម្មភាព នៃសុខភាព សាធារណៈ ដើម្បីបម្រើឲ្យបានជាអតិបរមា ដល់ប្រយោជន៍របស់សង្គម»។
សូមបញ្ជាក់ថា ហ៊ួរវ័យ គឺក្រុមហ៊ុនដែលមានទំនួលខុសត្រូវ នៅកម្ពុជាបានចូលរួម និងផ្តល់ជាអំណោយដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ជារៀងរាល់ឆ្នាំ តួរយ៉ាងដូចជាការប្រគល់ អំណោយដល់កាកបាទក្រហម ការបង្កើតកម្មវិធី បណ្តុះគ្រាប់ពូជ កម្មវិធីទស្សនៈវិស័យនៃកម្ពុជា។ ហ៊ួរវ័យ បានចាប់ផ្តើមប្រតិបត្តិការ នៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ បានសហការ ជាមួយក្រុមហ៊ុន ទូរគមនាគមន៍ ទូរស័ព្ទ បច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ក្រសួងមន្ទីរ ក៏ដូចជាតាមបណ្តារក្រុមហ៊ុន សហគ្រាសធំៗ ថ្មីៗនេះទៀតសោត ក៏លេចធ្លោរខ្លាំង ផ្នែកទូរសព្ទ័ស្មាតហ្វូន ទទួលបានការពេញនិយមនៅកម្ពុជា នៅទូទាំង២៥ ខេត្តក្រុង ផងដែរ។
ក្រុមហ៊ុនបានផ្គត់ផ្គង់សំភារៈបច្ចេកវិទ្យា បណ្តាញបច្ចេកវិទ្យា សេវាកម្ម ប្រមាណ ៧០% ដល់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុនក៏បានបណ្តុះបណ្តាល ហ្វឹកហ្វឺន ដល់វិស្វករ អ្នកជំនាញផ្នែក បច្ចេកវិទ្យា ព័ត៌មានវិទ្យាប្រមាណ ១,០០០ នាក់ ដោយផ្ទាល់ និងដោយប្រយោលនៅ កម្ពុជា ហើយភាគច្រើន នៃបុគ្គលិក គឺជាជនជាតិខ្មែរ ពោលគឺប្រមាណ៨០%៕