(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានហាមឃាត់មិនឲ្យមានការជួលយានយន្តជូនជនបរទេសដែលកំពុងលេងកម្សាន្តក្នុងខេត្តសៀមរាប ជិះដោយខ្លួនឯងទៀតនោះឡើយ។ ការហាមឃាត់នេះ ដើម្បីចូលរួមរក្សាសន្តិសុខសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការពារការបង្កគ្រោះថ្នាក់ចរាចរផងដែរ។
ការហាមឃាត់មិនឲ្យជួលយានយន្តទៅឲ្យជនបរទេសបើកបរក្នុងខេត្តសៀមរាបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃើញថា នាពេលកន្លងទៅមានភ្ញៀវទេសចរបរទេសជាច្រើន បានជួលយានយន្តគ្រប់ប្រភេទបើកបរ និងបញ្ជាដោយខ្លួនឯង ដែលបានបង្កឲ្យមានគ្រោះថ្នាក់ដល់ស្លាប់ និងរងរបួសជាច្រើន ដោយសារការបើកបរមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជាការបើកបរលើសល្បឿនកំណត់ បើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ គ្រឿងញៀន វ៉ាជែងមិនគោរពសិទ្ធិអ្នកដទៃ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព និងមិនពាក់មួកសុវត្ថិភាពជាដើមនោះ។
ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ដែល Fresh News ទទួលនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «ហាមដាច់ការជួល ការឲ្យខ្ចី ឬផ្តល់មធ្យោបាយធ្វើដំណើរដូចជា ម៉ូតូ និងរថយន្តគ្រប់ប្រភេទឲ្យទៅជនបរទេស ដែលមកលក្ខណៈជាដំណើរកម្សាន្ត និងទេសចរ បើកបរដោយខ្លួនឯងឡើយ លើកលែងតែកង់ និងកង់អគ្គិសនី។ ក្នុងករណីបុគ្គល ឬ ម្ចាស់អាជីវកម្មជួល ការឲ្យខ្ចី ឬ ផ្តល់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ បន្តជួល ឬ ផ្តល់ឲ្យទៅជនបរទេស ដែលមកលក្ខណៈជាដំណើរកម្សាន្ត និងទេសចរ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ និងផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន ឬ បិទជាស្ថាពរ»។
ក្នុងសេចក្តីណែនាំនេះ បានបញ្ជាក់ផងដែរថា ម្ចាស់អាជីវកម្មជួល-ការឲ្យខ្ចី ឬ ផ្តល់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទឲ្យទៅជនបរទេសបើកបរធ្វើចរាចរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុនោះ។
សម្រាប់ភ្ញៀវទេសចរបរទេស និងជនបរទេស ដែលកំពុងបំពេញបេសកកម្មការងារក្នុងសមាគម ឬ អង្គការមិនមែនរដ្ឋាភិបាល និងកំពុងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប ដែលប្រើប្រាស់យានយន្តមានទំហំស៊ីឡាំងក្រោម ១២៥សង់ទីម៉ែត្រគូប ឬ មានថាមពលអគ្គិសនីមិនលើសពី ១១គីឡូវ៉ាត់ អ្នកបើកបរ មិនតម្រូវឲ្យមានបណ្ណបើកបរឡើយ។ ប៉ុន្តភ្ញៀវទេសចរបរទេស និងជនបរទេស ដែលកំពុងបំពេញបេសកកម្មការងារសមាគម ឬ អង្គការមិនមែនរដ្ឋាភិបាល និងកំពុងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប ដែលប្រើប្រាស់យានយន្តមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់ អ្នកបើកបរត្រូវមានបណ្ណបើកបរទៅតាមប្រភេទយានយន្តដែលកំពុងប្រើប្រាស់ជាដាច់ខាត។
រដ្ឋបាលខេត្តសៀមរាប បានរំពឹងថា ក្រុមអ្នកប្រកបអាជីវកម្មជួល-ឲ្យខ្ចី នឹងចូលរួមអនុវត្តន៍តាមសេចក្តីណែនាំឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ទាំងស្រុងនៅខាងក្រោមនេះ៖