(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា គណបក្សយុវជនកម្ពុជា នឹងទទួលយក អាសនៈឃុំ/សង្កាត់នៅទំនេរ ដែលបែងចែកដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីទទួលលិខិតជូនដំណឹងរបស់គជប អំពីការបែងចែកអាសន្នៈ ឃុំ-សង្កាត់ យើងក្រុមការងារ នៃគណបក្សយុវជនកម្ពុជាបានសម្រេចលើសំឡេងភាគច្រើន ដោយនឹងទទួលយកអាសន្នៈ ឃុំ-សង្កាត់ ដែលច្បាប់ចែកឲ្យស្របតាមបច្ចេកទេស នៃច្បាប់ជាធរមាន»

សូមបញ្ជាក់ថា ការប្រកាសជំហររបស់គណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតប្រកាសឱ្យគណបក្សនយោបាយចំនួន៦ ដែលនឹងត្រូវទទួលយកអាសនៈ ក្នុងរដ្ឋសភា និងអសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ ធ្វើបច្ចុប្បន្នភាព​បេក្ខជន ដើម្បីទទួលយកអសនៈទាំងនោះ ដែលនៅទំនេរ ក្រោយតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ៕