(ភ្នំពេញ)៖ ការ៉ាស់សាំង១កន្លែង ដែលកំពុងសាងសង់ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ តាមបណ្តោយផ្លូវ៦៥៦ ឬហៅថាផ្លូវហាតិច ដោយគ្មានស្តង់ដាត្រឹមត្រូវ សង្ស័យគ្មានច្បាប់អនុញ្ញាត ខណៈការ៉ាស់មួយនេះ បានលួចសាងសង់ពេលយប់ ហើយបានរំខាន់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។
បើតាមប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ៦៥៦ បានប្រាប់មក Fresh News នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ការ៉ាស់សាំងមួយនេះ បានកំពុងសាងសង់ដែល មានលក្ខណៈតូចចង្អៀងពុំស្មើខ្នាត់ ហើយអាចបង្កហានិភ័យ ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។ តែយ៉ាងណាក្តីប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរ នៅខណ្ឌច្បារអំពៅ ជួយត្រួតពិនិត្យ ដើម្បីកុំឲ្យមានបញ្ហាដល់បងប្អូន ប្រជាពលរដ្ឋនៅពេលក្រោយ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ការ៉ាស់សាំងដែលម្ចាស់ផ្ទះនេះ កំពុងសាងសង់នោះ គឺស្ថិតនៅលើដីក្បាល១០ម៉ែត្រតែប៉ុណ្ណោះ ខណៈច្បាប់អនុញ្ញាតអាចធ្វើបានរហូតដល់ ក្បាលជាង២០ម៉ែត្រនោះ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវឬនៅក្បែរនោះ នៅតែទទួចដល់អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដោយសារតែការធ្វើនេះ ពេលយប់ហើយ រំខានក្នុងការដេកពូនដល់ពួកគេនោះ។
ប្រជាពលរដ្ឋ បានអះអាងថា ពួកគេពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព នៅពេលក្រោយដោយសារ តែការ៉ាសសាំងមួយនេះ បានធ្វើមានលក្ខណៈតូចចង្អៀត ហើយលួចធ្វើនៅពេលយប់ ដែលមានការរំខានដល់ពួកគេ។
សូមរំលឹកថា ការ៉ាស់សំាងដែលកំពុងសាងសង់នេះ កាលពីកន្លងទៅគឺជាដេប៉ូលក់ភេសជ្ជៈ និងគ្រឿងទេសគ្រប់មុខដែលមានឈ្មោះថាសំបូរ៩៩៩៩៕