(កំពង់ឆ្នាំង)៖ អណ្ដូងទឹកស្អាតចំនួន៥០អណ្ដូង ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានផ្តល់មកឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ៥ខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ពិធីសម្ពោធដាក់ប្រើប្រាស់ អណ្ដូងទឹកស្អាតទាំង៥០នេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្នុងនោះក៏មានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង, ឯកអគ្គកុងស៊ុលប្រទេសចិនប្រចាំកម្ពុជា ផ្នែកសេដ្ឋកិច្ច ប្រធានក្រុមហ៊ុន ហួ វៃ (HUAWEL) និង លោក-លោកស្រី មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមពិពណ៌ចិន-អាស៊ាន (CAEXPO) លើកទី១៣ នៅទីក្រុងណានីង ប្រទេសចិន នាឱកាសនោះ ក្រុមហ៊ុនទូរស័ព្ទ ហួ វៃ (HUAWEL) បានផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នូវអណ្តូងទឹកស្អាតចំនួន៥០អណ្តូង។
រាជរដ្ឋាភិបាល បានសម្រេចបែកចែកគម្រោងអណ្តូងទឹកសម្តេចតេជោខាងលើ មកក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាអំណោយរបស់ក្រុមហ៊ុន ហួ វៃ (HUAWEL) ទៅតាមបណ្តាខេត្តដែល បានទទួលរងនូវគ្រោះធម្មជាតិធ្ងន់ធ្ងរ មានដូចជា៖ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង និងខេត្តស្វាយរៀងជាដើម ដែលក្នុងមួយខេត្តទទួលបានអណ្តូងទឹក សម្តេចតេជោចំនួន១០៕