(ភ្នំពេញ)៖ Regus (រីជឹស ) ជាក្រុមហ៊ុនធំបំផុតរបស់ពិភពលោក ដែលផ្ដល់ដំណោះស្រាយទីតាំងធ្វើការ ប្រកបដោយមានភាពបត់បែន ដោយមានបណ្ដាញចំនួន៣,០០០ទីតាំង នៅតាមបណ្ដាទីក្រុងចំនួន ១,០០០ ទីក្រុង ស្ថិតក្នុងប្រទេសចំនួន ជាង១០០ ប្រទេស និងកំពុងបម្រើសេវាដល់សមាជិកចំនួន ២,៣ លាននាក់ នៅពេលនេះ បានពង្រីកខ្លួននៅរាជធានីភ្នំពេញហើយ ដើម្បីគាំទ្រដល់អាជីវកម្មថ្មីនៅកម្ពុជា។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុនផ្គត់ផ្គង់ការិយាល័យលំដាប់ពិភពលោក ឈ្មោះថារីជឹស បានប្រកាសអំពីការបើកទ្វារដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មទីពីររបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ ។លោក ឡាស៍ វីតធីង (Lars Witting) នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន រីជឹស កម្ពុជា បានថ្លែងថា៖ «ប្រទេសកម្ពុជា បានក្លាយជាមជ្ឈដ្ឋានអាជីវកម្មដ៏រឹងមាំ​ ជាមួយនិងការវិនិយោគជាច្រើន លើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ហើយសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងរក្សាកំណើនរឹងមាំក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត ។ អាជីវកម្ម និងសហគ្រាសខ្នាតតូច គឺមានចំនួនច្រើន ធៀបនឹងអាជីវកម្មទូទៅ ហើយយុវជនមានចំនួន ប្រមាណ ៤០% នៃប្រជាជនកម្ពុជាសរុប ដូច្នេះ កម្ពុជា គឺជាទីផ្សារដ៏សក្តិសមមែនទែនសម្រាប់ក្រុមហ៊ុន រីជឹស» ។

លោកបានបន្តទៀតថា៖ «ជាមួយនិងកម្លាំងពលកម្មវ័យក្មេងបំផុតក្នុងតំបន់ឥណ្ឌូចិន ព្រមទាំងបណ្ដាញសហគ្រិនដែលចេះតែបន្តអភិវឌ្ឍ យើងបានមើលឃើញនូវកំណើនសក្ដានុពល នៃការស្វែងរកដំណោះស្រាយចំពោះការិយាល័យធ្វើការ ដែលមានភាពបត់បែន ហើយរីករាយ ដែលបានចូលរួមចំណែកក្នុងកំណើនអាជីវកម្មទាំងនេះ ហើយការពង្រីកប្រតិបត្តិការរបស់យើង ក្នុងរាជធានីភ្នំពេញ គឺគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការនេះ យើងបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មទីពីររបស់ខ្លួន នៅឯអគារ ឌឹ កាសា មើរីឌៀន (The Casa Meridian) នៅកោះពេជ្រ ដើម្បីនាំបណ្ដាញរបស់ រីជឹស មកកាន់ប្រទេសកម្ពុជា»

លោកបន្ដថា សហគ្រាស ក្រុមហ៊ុន និងអ្នកជំនាញពាណិជ្ជកម្ម ទាំងក្នុងស្រុក និងអន្តរជាតិ នៅពេលនេះអាចទទួលបានអត្ថប្រយោជន៍ ពីការិយាល័យការងារដែលមានភាពបត់បែនរបស់ក្រុមហ៊ុន រីជឹស ដែលមានទីតាំងសំខាន់ៗចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ ដោយទីតាំងទីមួយស្ថិតនៅឯអគារធនាគារកាណាឌីយ៉ា ។

កោះពេជ្រ កំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័ស ទៅជាជម្រើសមួយទៀតបន្ថែមលើតំបន់អាជីវកម្ម ដែលបានឈរជើងរឹងមាំទៅហើយនៅក្នុងរាជធានីភ្នំពេញ ហើយកោះពេជ្រ ក៏បានក្លាយជាមូលដ្ឋាន សម្រាប់ស្ថានទូតជាច្រើន គម្រោងអាជីវកម្ម សណ្ឋាគារ និងអាជីវកម្មលក់រាយផ្សេងៗ ។ មជ្ឈមណ្ឌលថ្មីរបស់ក្រុមហ៊ុនផ្ដល់នូវការិយាល័យធ្វើការចំនួន ១៩១កន្លែង ព្រមជាមួយនិងជម្រើសធ្វើការ ប្រកបដោយភាពបត់បែនជាច្រើនទៀត សម្រាប់អាជីវកម្ម និងអ្នកជំនាញនានា ហើយជម្រើសទាំងនេះរួមមាន ទីកន្លែងធ្វើការរួម សេវាការិយាល័យនិម្មិត (virtual office) និងបន្ទប់ប្រជុំ ដែលអាចកក់ទុកប្រើតាមម៉ោងបាន ។

លោក ឡាស៍ វីតធីង បានបន្ថែមថា៖ «ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ សហគ្រាសរបស់កម្ពុជា ជាពិសេសអាជីវកម្មថ្មី ជួបបញ្ហាប្រឈមដោយកង្វះដើមទុន និងបណ្ដាញអាជីវកម្មសំខាន់ ។ តាមរយៈការផ្ដល់នូវឱកាសសម្រាប់អាជីវកម្មបែបទំនើប និងមានការអភិវឌ្ឍន៍ ដើម្បីបានប្រតិបត្តិការទៅតាមទីកន្លែង និងពេលវេលាដែលខ្លួនចង់ ក្រុមហ៊ុន រីជឹស ក៏ជួយដល់សហគ្រិនបង្កើតបណ្ដាញ ជាមួយនឹងសហគមន៍អាជីវកម្មធំៗក្នុងស្រុក និងនៅលើសកលលោកថែមទៀតផ» ។

រីជឹស ជាក្រុមហ៊ុនធំបំផុតរបស់ពិភពលោក ដែលផ្ដល់ដំណោះស្រាយទីតាំងធ្វើការ ដែលមានភាពបត់បែន តាមរយៈទម្រង់ការិយាល័យជាច្រើនបែប ព្រមជាមួយនឹងអាជីវកម្ម ដែលកំពុងលូតលាស់ ផ្នែកការិយាល័យចល័ត ការិយាល័យនិម្មិត និងការិយាល័យសម្រាប់ប្រើប្រាស់នៅពេលមានគ្រោះអាសន្ន ក្រុមហ៊ុន ផ្ដល់លទ្ធភាពដល់បុគ្គលិក និងអាជីវកម្មឲ្យធ្វើការ និងមានដំណើរការ ទៅតាមទីកន្លែង ពេលវេលា និងរបៀបដែលគេចង់បាន ជាមួយនិងការផ្ដល់ជូននូវតម្លៃជាច្រើនប្រភេទ៕