(ភ្នំពេញ)៖ បរវកញ្ញាឯកពិភពលោក ឆ្នាំ២០១៧ «Miss Global 2017» ទើបទទួលបានមកុដក្ដៅៗ កញ្ញា Barbara Vitorelli ជនជាតិប្រេស៊ីល និងកញ្ញាឯក «Miss Global 2015» ចំណាត់ថ្នាក់លេខ៣ កញ្ញា Geri Donchera មកពីប្រទេសប៊ុលហ្គារី បានចូលរួមសកម្មភាពមនុស្សធម៌ នៅកម្ពុជា ចែកសម្ភារៈសិក្សា ថវិកា និងអាហារ នៅក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋ នៅអតីតតំបន់ចាក់សម្រាមចាស់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
កញ្ញាឯកទាំងពីររូប បានចំណាយពេលវេលា ចូលរួមសកម្មភាពមនុស្សធម៌ បន្ទាប់ពីព្រឹត្តិការណ៍ «Miss Global2017» ត្រូវបានបញ្ចប់ រួមជាមួយកញ្ញាឯក «Miss Global 2015» ចំណាត់ថ្នាក់លេខ៣ កញ្ញា Geri Donchera មកពីប្រទេសប៊ុលហ្គារី ដែលបានដែលបានចុះចែកអំណោយ គួរឲ្យភ្ញាក់ផ្អើល នៅអង្គការខាងលើ ដោយមានការរៀប ចំពីក្រុមហ៊ុនទឹកពិសារបរិសុទ្ធ អេរ៉ូទិច រួមសហការជាមួយបវរកញ្ញាឯកពិភពលោក ខណៈដែលអំណោយទាំងនោះ រួមមានថវិកា២ម៉ឺនរៀល នំ សៀវភៅ ទឹកដោះគោ ប៊ិច និងបាយឆាយ៉ាងចូវម្នាក់១ប្រអប់ ផងដែរ។
Miss Global 2017 បានថ្លែងឲ្យដឹងថា កញ្ញាពិតជាសប្បាយចិត្តយ៉ាងក្រៃលែង ដែលបានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ នៅកម្ពុជា។ នាងលើកឡើងថា ជាការប្រសើរបំផុត ដែលអង្គការលើកស្ទួយប្រជាពលរដ្ឋ បានជួយដល់កុមារជាច្រើននៅកម្ពុជា ហើយនាងសង្ឃឹមថា នឹងមានអ្នកចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កុមារកម្ពុជា បន្ថែមទៀត ដើម្បីឲ្យកុមារៗកំព្រា ដែលគ្មានទីពឹង និងកំពុងរស់នៅគួរឲ្យអាណិត ទទួលបានជីវិតផ្លាស់ប្ដូរនាពេលពេលអនាគត។
រាជនីសម្រស់មកពីប្រេស៊ីល រូបនេះអះអាងថា ក្រោយជាប់ឈ្មោះបវរកញ្ញាឯកមក នាងពិតជាដក់អារម្មណ៍បន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ឲ្យបានយូរទៀត ដើម្បីបង្កើតសកម្មភាពមនុស្សធម៌ ឲ្យបានច្រើនរូបភាពតាមលទ្ធភាព ដែលអាចធ្វើទៅបាន។
សូមបញ្ចាក់ថា កុមារៗនៅក្នុងអង្គការ លើកស្ទួយប្រជាពលរដ្ឋ ជាច្រើនបានសម្ដែងការត្រេកអរយ៉ាងក្រៃលែង ដែលបានឃើញវត្តមានកញ្ញាឯកពិភពលោក Miss Global2017 យកចិត្តទុកដាក់ ចុះមកជួបពួកគេដោយផ្ទាល់ ថែមទាំងបានផ្ដល់នូវអំណោយមួយចំនួន ផងនោះ។
លោកស្រី វណ្ណ លុយ តំណាងក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច បានថ្លែងឲ្យដឹងថា ជំនួសឲ្យអង្គការលើកស្ទួយប្រជារដ្ឋ លោកស្រីពិតជាអរគុណយ៉ាងក្រែលែង ដល់បរវកញ្ញាឯកពិភពលោក Miss Global 2017 និង ឆ្នាំ២០១៥ ដែលមានក្ដីអាណិតអាសូដល់កុមារកំសត់របស់កម្ពុជា។ សម្ភារៈដែលចែកជូនដល់កុមារៗ នៅក្នុងឱកាសនេះគឺ រួមចំណែកពីបរវកញ្ញាឯកពិភពលោក សហការជាមួយក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ខណៈដែលលោកស្រី សប្បាយចិត្តយ៉ាងក្រៃលែង ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយកញ្ញាឯកពិភពលោក Miss Global2017 នៅពេលនេះ៕