(កណ្តាល)៖ បុរសជាកម្មកររោងចក្រម្នាក់ ដោយសារតែជីវភាពក្រីក្រគ្មានលុយ ទិញម៉ូតូឲ្យកូនជិះទៅរៀនបានសមរម្យ ដាច់ចិត្តលួចម៉ូតូគេឲ្យកូនជិះទៅរៀន លុះម្ចាស់ម៉ូតូបាត់ឆោឡោទៅឆែក កាមេរ៉ាសុវត្ថិភាពឃើញ ឃាត់រួចឲ្យទូរស័ព្ទហៅកូនឲ្យយកម៉ូតូមកប្រគល់ឲ្យម្ចាស់ដើមវិញ។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងចក្រតៃណាន់ ភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រេស សុខុម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអ្នកអនាម័យរោងចក្រ រស់ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ស៊ុម សុផាត អាយុ៣៨ឆ្នាំ មុខរបរបោកគក់ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។ រីឯម៉ូតូដែលជនសង្ស័យលួចយកនោះ ម៉ាក C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល1U-9985។
មន្ដ្រីនគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចូលធ្វើការហើយផ្ញើកន្លែងសន្តិសុខ ហើយចូលធ្វើការបាត់ ដោយភ្លេចដកកូនសោចេញ។ ក្រោយមកជនសង្ស័យបានជិះម៉ូតូម៉ាកវេវ ពណ៌ក្រហម របស់ខ្លួនទុកកន្លែងសន្តិសុខ ដែរពេលនោះក៏ក្រឡេកទៅឃើញម៉ូតូរងគ្រោះទុក ដោយមានកូនសោស្រាប់ក៏ទៅយកម៉ូតូនោះ ទៅផ្ញើកន្លែងផ្ញើម៉ូតក្នុងផ្សារបែកចាន ហើយទូរស័ព្ទឲ្យកូនបង្កើតឈ្មោះ ញឹម សុភក្រ អាយុ១៩ឆ្នាំ មកយកម៉ូតូជិះរៀន។
លុះដល់ល្ងាចជនរងគ្រោះចេញពីធ្វើការមកយកម៉ូតូ មិនឃើញទើបបង្កឲ្យឆោឡោឡើង ក្រោយមកនគរបាលបាន សហការជាមួយខាងរោងចក្រ បើកមើលកាម៉េរ៉ាសុវត្ថិភាពទើបដឹងថា អ្នកយកម៉ូតូនោះ គឺជាកម្មកររោងចក្រ ក៏ទៅឃាត់ខ្លួននាំយកទៅសាកសួរ។
នៅចំពោះមុខនគរបាលជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងពិតប្រាកដមែន ដើម្បីយកទៅជិះទៅរៀននិងគេ ព្រោះខ្លួនមិនលុយទិញឲ្យកូនពេលឃើញម៉ូតូទុក ហើយមានកូនសោនៅជាមួយ ក៏ដាច់ចិត្តលួចតែម្តងទៅ។
ក្រោយពីសាកសួរដឹងសព្វគ្រប់ហើយនោះ មន្ដ្រីនគរបាលឲ្យជនសង្ស័យទូរស័ព្ទហៅកូនយកម៉ូតូនោះមកវិញ រួចដកហូតប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកក្មេងប្រុសជាកូនរបស់ជនសង្ស័យមិនបានឃាត់ខ្លួនទេ ប៉ុន្តែឲ្យធ្វើជាសក្សីវិញ។
ជុំវិញការលួចម៉ូតូនេះធ្វើឲ្យមតិខ្លះខ្លោចចិត្តអាណិតក្មេង ដែលជាកូនប្រុសរបស់ជនសង្ស័យខំអរបានម៉ូតូល្អជិះទៅរៀននិងគេ ប៉ុន្ដែទីបំផុតខូចចិត្តកាន់តែធ្ងន់ជាងមុនទៅទៀត ព្រោះឪពុកជាប់គុក ដោយចង់បានម៉ូតូឲ្យកូនរហូតដាច់ចិត្តលួចម៉ូតូគេ៕