(ភ្នំពេញ)៖ ម្ចាស់ខុនដូរមួយកន្លែង ដែលស្ថិតនៅក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កំពុងរងការចោទប្រកាន់ថា បានយកផ្លូវសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយបានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរនោះឆ្លងកាត់ឡើយ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរនោះ បានទទូចឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ មេតា្ដជួយអន្ដរាគមន៍លើបញ្ហានេះផង ព្រោះថាពួកគាត់ពិតជាពិបាកក្នុងការធ្វើដំណើរចេញ ចូល លំនៅដ្ឋានខ្លាំងណាស់ រៀងរាល់ថ្ងៃនេះ ខណៈដែលពាក្យបណ្ដឹងបានដាក់ជូនអាជ្ញាធរក្នុងសង្កាត់ទួលសង្កែរួចរាល់ហើយ។
ពលរដ្ឋដែលបាននិងកំពុងទទួលរងការបំពាននោះ បានទូរស័ព្ទមកការិយាល័យនិពន្ធ អង្គភាព Fresh News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយបានរៀបរាប់ថា ម្ចាស់ខុនដូរឈ្មោះ ចេតនា បានយកផ្លូវមកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយលើកមូលហេតុថា ជាដីឡូតរបស់ខ្លួន ប៉ុន្តែនៅពីមុខ និងក្រោយផ្លូវ គឺសុទ្ធតែមានផ្ទះប្រជាជនរស់នៅឆ្លងកាត់។
ប្រភពដដែលបានបញ្ជាក់ទៀតថា «ពេលដែលទៅសាកសួរ និងប្តឹងទៅអជ្ញារធរទួលសង្កែ គឺមិនមានលទ្ធផលអ្វីទេ គឺមានតែចំលើយថាជាដីឡូតរបស់ខ្លួនប៉ុណ្ណោះ ហើយម្ចាស់ដីឡូតក៏បាននិយាយដែរ ថាដីឡូតនេះជាដីរបស់ខ្លួន ដែលខ្លួនបានឲ្យខ្ចីប្រើ»។
យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺពីម្ចាស់ខុនដូរនោះបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ៕