(កែប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងទេសចរណ៍ ការធ្វេីឲ្យប្រសេីរឡេីងផ្នែកបរិស្ថាននៅតំបន់ផ្សារក្តាម ខេត្តកែប គ្រោងចំណាយថវិកា ៩៥ម៉ឺនដុល្លារអាមេរិក ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណេីនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ពិធីបញ្ចុះបឋមសិលានេះ ក៏មានការចូលរួមពីក្រុមការងារគម្រោង ទីប្រឹក្សាពិគ្រោះយេាបល់ ADB មន្ត្រីរាជការពាក់ព័ន្ធ និងអាជីវករជាច្រើននាក់ផងដែរ។
លោក សុខ សុគុណ អគ្គនាយករងក្រសួងទេសចរណ៍ បានឲ្យដឹងថា គម្រោងផ្សារក្ដាមនេះសាងសង់ឡើងក្នុងរយៈពេល ១០ខែ ពោលគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៨ ជាមួយការប្រើប្រាស់ថវិកាប្រមាណ ៩៥ម៉ឺនដុល្លារ ដែលជាគម្រោង ទេសចរណ៍ TIIG-ADB ក្រោមការសហការអនុវត្ត ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារក្ដាមខាងលើ លោក កែន សត្ថា បានសំណូមពរដល់ប្រជាពលរដ្ឋ អាជីវករទាំងអស់ សូមមានការយោគយល់ និងជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ក្នុងអំឡុងពេលសាងសង់ ដើម្បីឲ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
លោកអភិបាលខេត្តកែប ថែមទាំងបានណែនាំដល់អាជីវករក្នុងផ្សារក្ដាមថា សូមកុំដំឡើងថ្លៃទំនិញ និងសេវារបស់ខ្លួន ដែលនាំឲ្យភ្ញៀវទេសចរ ឬអតិថិជនមានការរុញរាមិនចង់ទិញដូរទំនិញ និងសេវារបស់អាជីវករក្នុងខេត្តកែប នាំឲ្យខ្សត់ភ្ញៀវទេសចរមកទស្សនាខេត្តកែប និងបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍នេះ។ ជាមួយនឹងការអំពាវនាវនេះ លោកក៏បានទទូចឲ្យអាជីវកររក្សាឲ្យបាននូវអនាម័យទំនិញ និងចូលរួមថែរក្សាសម្អាតបរិស្ថានក្នុងរមណីយដ្ឋានខេត្តកែប ក៏ដូចជាក្នុងខេត្តកែបទាំងមូលផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏ធ្លាប់បានណែនាំផងដែរដល់រដ្ឋបាលខេត្ត និងអាជីវករក្នុងខេត្តកែប ឲ្យចូលរួមរក្សាឲ្យបាននូវអនាម័យទំនិញ បរិស្ថាន ពិសេសបញ្ហាសំរាមនៅតាមទីសាធារណៈ បញ្ហាសំរាមក្នុងភោជនីយដ្ឋាន ក្នុងនោះលោករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញថា ត្រូវបញ្ឈប់ទម្លាប់ចោលសំរាម កាកសំណល់ ក្រដាសជូតមាត់ក្រោមតុក្នុងភោជនីយដ្ឋានឲ្យបាន ដើម្បីចូលរួមសម្អាតអនាម័យក្នុងរមណីយដ្ឋាន សំដៅត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យសមុទ្រ នាពេលខាងមុខ និងដើម្បីអភិវឌ្ឍន៍ខេត្តកែបឲ្យក្លាយជាខេត្តគំរូក្នុងការធ្វើឲ្យទីក្រុងមានភាពស្អាត និងបៃតងស្របតាមស្ដង់ដារអាស៊ានផងដែរ។
សូមជម្រាបថា នាថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ពិធីបុណ្យសមុទ្រ ជុំទី២ លើកទី៦ នឹងប្រារព្ធឡើងនៅខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយកម្មវិធីកម្សាន្ត និងពិព័រណ៍ផលិតផលជាច្រើនសម្បូរបែប ប្លែកពីពិធីបុណ្យសមុទ្រមុនៗទៅទៀត៕