(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ បានបង្ហាញទស្សនៈស្រដៀងគ្នា នឹងលោកដូណាល់ ត្រាំដែរថា កម្ពុជាត្រូវគិតប្រយោជន៍របស់ខ្លួនឯង ហើយកម្ពុជាមិនអាចធ្វើអ្វី ដើម្បីតម្រូវចិត្តបរទេសណាមួយនោះទេ ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតិភាពក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ» ដោយមានការចូលរួមពីលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌, លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាកម្ពុជា, លោក ផាន់ សិទ្ធី តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ចិន ថុន តំណាងគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ ដែលប្រព្រឹត្តឡើងនៅសាលប្រជុំរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោកបណ្ឌិត សុខ ទូច បានបន្តថា «កម្ពុជាមានតុលាការជាអ្នកអនុវត្តច្បាប់ ដូច្នេះអ្នកធ្វើខុសច្បាប់ត្រូវតែអនុវត្តតាមច្បាប់ ខ្លួនឯងប្រព្រឹត្តខុសច្បាប់ ពេលសមត្ថកិច្ចចាប់ចោទថា ផ្តាច់ការ អត់មានឲ្យអ្នកបញ្ចេញយោបល់បាន»។

លោកបណ្ឌិត សុខ ទូច បានបន្តថា សូមប្រជាជន​កម្ពុជាក្រឡេក ទៅមើលប្រវត្តិសាស្ត្រដែលកម្ពុជាទៅពឹកពាក់បរទេសបណ្តាលឲ្យប្រទេស ធ្លាក់ក្នុងភាពងងឹតសូន្យសុង ដូច្នេះហើយកម្ពុជា ត្រូវដើរដោយខ្លួនឯងដើម្បីរក្សាផលប្រយោជន៍របស់ខ្លួន គឺជាតិមានសុខសន្តិភាព ជាតិមានការអភិវឌ្ឍន៍។ កាលពីអតីតកាលការកម្ពុជា មានការអភិវឌ្ឍដូចបច្ចុប្ប​ន្ននេះដែរឬទេ? ក្នុងអំឡុងកម្ពុជាមានសន្តិភាពនៅឆ្នាំ១៩៩៣ តើមានប្រទេសណាដើរស្មើរកម្ពុជា។

ពាក់ប័ន្ធនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ ត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹង និងការអនុវត្តន៍ច្បាប់ ទើបប្រទេសជាតិមានការរីកចម្រើន និងមានសុខសន្តិភាព ហើយបើគ្មានការពង្រឹង និងអនុវត្តន៍ច្បាប់នោះទេ ប្រទេសជាតិ នឹងធ្លាក់ចូលទៅក្នុងភ្លើង សង្គ្រាមមិនខាន។

លោក គឹម សន្តិភាព បានបន្តថា ទ្រឹស្ដីនៃលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសនីមួយៗ មិនដូចគ្នានោះទេ ក៏ប៉ុន្តែទោះបីប្រទេសណាក៏ដោយ លទ្ធិប្រជាធិបតេយ្យ ត្រូវដើរទន្ទឹមជាមួយការអនុវត្តន៍ច្បាប់ ។

លោក គឹម សន្តិភាព បានបញ្ជាក់ថា «ទោះប្រទេសណាទាំងអស់ប្រជាធិបតេយ្យ ត្រូវតែដើរទន្ទឹមគ្នាទៅនិងការពង្រឹងអនុវត្តន៍ច្បាប់បើសិនជាគ្មានការ ពង្រឹងអនុវត្តន៍ច្បាប់ទេ គឺប្រទេសប្រជាធិបតេយ្យមួយនេះ នឹងធ្លាក់ចុះទៅក្នុងរណ្ដៅសង្គ្រាម និងភាពអសន្តិសុខនៅក្នុងសង្គមរបស់ប្រទេសនោះ ជាក់ជាមិនខាន»៕