(កំពត)៖ អំពើឃាតកម្មដ៏សាហាវមួយ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបុរសម្នាក់ ត្រូវជនដៃដល់សម្លាប់ដោយ កាត់ក្បាលចោល នៅសល់តែដងខ្លួនប៉ុណ្ណោះ។
អំពើឃាតកម្មខាងលើនេះ បានកើតឡើងនៅចំណុចខ្ទមចាំដីស្រែរបស់ជនរងគ្រោះ ក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧។
នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា តាមការស្រាវជ្រាវលើអំពើឃាតកម្មនេះ ជាជំហានបឋម គឺមូលហេតុជារឿងគំនុំ ដោយជនដៃដល់ខឹងជនរងគ្រោះចេះអាបធ្មប់ ហើយធ្លាប់ធ្វើឲ្យមនុស្សជាច្រើនរងគ្រោះទៀតផង ដែលនាំឲ្យមានការសម្លាប់បែបនេះ។
យ៉ាងណាក៏ដោយ លោកស្នងការបានបញ្ជាក់ថា នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលបានប្រាប់មកសមត្ថកិច្ចរបស់លោក ប៉ុន្តែនេះអំពើឃាតកម្មសម្លាប់មនុស្ស គឺកម្លាំងរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។
បើតាមលោកស្នងការ ជនរងគ្រោះឈ្មោះ អយ សុខ អាយុ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះត្រូវបាន ជនល្មើសមិនស្គាល់អត្តសញ្ញាណ កាត់ក្បាលចោល ហើយយកក្បាលទៅបាត់ នៅសល់តែដងខ្លួន នៅកន្លែងកើតហេតុ ប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅក្នុងភូមិបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគ្រាន់តែទៅអង្អែលខ្នងគេ ក៏អាចធ្វើឲ្យគេឈឺបានដែរ ហើយនៅពេលមានអ្នកភូមិបូជាសពនោះ ជនរងគ្រោះតែងតែទៅរើសឆ្អឹងខ្មោចុយកមកស៊ីទៀតផង៕