(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពីដំណើរនៃការដង្ហែមកវិញ នូវឈុតគ្រឿងអលង្ការ សម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ ពីចក្រភពអង់គ្លេស មកកាន់ប្រទេសកម្ពុជាវិញ នៅពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលប្រឹងប្រែង ទាមទារគ្រឿងអលង្ការទាំងនោះបានមកវិញ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា និងដឹកនាំគណៈប្រតិភូឆ្ពោះទៅ កាន់ប្រទេសអង់គ្លេស ដើម្បីដង្ហែត្រឡប់មកវិញ នូវឈុតគ្រឿងអលង្ការទាំងនោះ។
ជាមួយគ្នានេះ សហភាពសហព័ន្ធក៏អំពាវនាវឲ្យសាធារណជន យុវជនទាំងអស់ចូលរួម សហការតាមរយៈការផ្សព្វផ្សាយដំណើរការ ដង្ហែត្រឡប់មកវិញនូវ ឈុតគ្រឿងអលង្ការ សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរ ឲ្យកាន់តែទូលំទូលាយ ដើម្បីបង្ហាញអំពីការចូលរួមរបស់យុវជន ក្នុងការថែរក្សា និងលើកតំម្លៃសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិ ដែលកំពុងវិលត្រឡប់មកមាតុប្រទេសវិញ។
សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មានថាមាន ការដាក់លក់វត្ថុបុរាណរបស់កម្ពុជា នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើរសុំទាមទារត្រឡប់មកវិញ នូវគ្រឿងវត្ថុបុរាណដ៏កម្រទាំងនោះមកវិញ ហើយភ្នាក់ងារលក់វត្ថុបុរាណ ដែលមានទីតាំងនៅប្រទេសអង់គ្លេស បានស្ម័គ្រចិត្តប្រគល់គ្រឿងអលង្ការមាស សម្រាប់លម្អលើរូបចម្លាក់សម័យអង្គរ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧៕