(ភ្នំពេញ)៖ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះថា គណបក្សសញ្ជាតិកម្ពុជា បានដាក់បេក្ខជនតំណាងរាស្រ្ត និងឯកសារផ្សេងៗ ជូន គ.ជ.ប រួចរាល់ ដើម្បីទទួលយកអាសនៈរដ្ឋសភា ជំនួសគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយដោយតុលាការ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។

ការបញ្ជាក់របស់ប្រធានគណបក្សសញ្ជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧ បានផ្ញើលិខិតជូនគណបក្សចំនួន៦ ដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅ ឱ្យរៀបចំធ្វើបច្ចុប្បន្នភាព នៃបេក្ខជនរបស់ខ្លួន ដើម្បីទទួលយក អសនៈ នៅក្នុងរដ្ឋសភា ដែលនៅទំនេរ ក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា គ.ជ.ប បានទុកពេលចំនួន៥ថ្ងៃ ឱ្យគណបក្សទាំងនោះ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបេក្ខជន តំណាងរាស្រ្តរបស់ខ្លួន ហើយឆ្លើយតបមកកាន់ គ.ជ.ប វិញ។ បើសិនជាក្នុងអំឡុងពេល៥ថ្ងៃ គណបក្សពុំបានឆ្លើយតបទេ មានន័យថា គណបក្សនោះយល់ព្រមដាក់បេក្ខជនចាស់ដដែល ដូចការបោះឆ្នោតឆ្នាំ២០១៣។

តាមការបង្ហាញរបស់ គ.ជ.ប មានគណបក្សចំនួន៦ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ អាចនឹងទទួលបាន អាសនៈរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ក្នុងនោះរួមមាន៖

១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤៖ គណបក្សខ្មែរឈប់ក្រ
៥៖ គណបក្សសញ្ជាតិកម្ពុជា
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

ប៉ុន្តែទោះជាយ៉ាងណា គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (LDP) របស់លោក ខឹម វាសនា បានប្រកាសកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបដិសេធ មិនទទួលយកអាសនៈទំនេរនៅក្នុងរដ្ឋសភា ដែលផ្តល់ដោយ គ.ជ.បនោះឡើយ៕