Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងសម្តេចក្រឡាហោម ស ខេង អំពាវនាវដល់អាជ្ញាធរខេត្ត រហូតដល់មូលដ្ឋាន សុំផ្តល់កិច្ចសហការជាមួយមន្ត្រីអធិការកិច្ច ដែលចុះអនុវត្តភារកិច្ច ក្នុងខេត្តពោធិ៍សាត់ ដើម្បីទទួលបានលទ្ធផលផ្លែផ្កា

21-11-2017 12:42

(ពោធិ៍សាត់)៖ លោក កុល វីរក្ស អនុរដ្ឋលេខាធិការតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងផ្នែកពាក់ព័ន្ធទាំងអស់ សុំផ្តល់កិច្ចសហការជាមួយមន្ត្រីអធិការកិច្ច ដែលចុះអនុវត្តភារកិច្ច ក្នុងខេត្តពោធិ៍សាត់ ឲ្យបានដំណើរការដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា។

ការអំពាវនាវរបស់លោក កុល វីរក្ស ធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសបើកការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ ខេត្តពោធិ៍សាត់ ដែលមាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបានការចូលរួមពី លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

ការចុះធ្វើអធិការកិច្ចនេះ ក្នុងគោលបំណងអង្កេតស្រាវជ្រាវពីស្ថានភាព និងបញ្ហាប្រឈមនានា សម្តៅកំណត់ឲ្យបាននូវចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការបំពេញភារកិច្ចរបស់រដ្ឋបាល ខេត្តពោធិ៍សាត់ ស្នងការនគរបាលខេត្ត និងពន្ធនាគារខេត្ត រដ្ឋបាលក្រុង ស្រុក និងអធិការនគរបាលក្រុង ស្រុក រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើមី្បលើកនូវអនុសាសន៍នានាសម្រាប់ ជាមូលដ្ឋាន ក្នុងការកែលម្អ លើកកម្ពស់ការអនុវត្តពីតួនាទីភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកផ្តល់ជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៥។

បន្ទាប់ពីលោក ម៉ៅ ធនិន មានមតិស្វាគមន៍រួចមក លោក កុល វីរក្ស បានលើកឡើងថា ការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធធនាគារ នៅខេត្តពោធិ៍សាត់ គឺដើម្បីសហការជាមួយ ក្រុមប្រតិបត្តិថ្នាក់ក្រោមជាតិ ក្នុងពេលដែលអស់លោក លោកស្រី កំពុងជិះលើទូក នៃរដ្ឋបាលឯកភាពតែមួយ បំពេញការងារបម្រើគោលនយោបាយរបស់ រាជរដ្ឋាភិបាល បម្រើឲ្យការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព។

លោកបានបន្តទៀតថា គោលដៅនៃការងារអធិការកិច្ច គឺជួយបំពេញបន្ថែម នូវថាមពលដែលនៅខ្វះខាត និង ការងារនៅសេសសល់ក្នុងនោះមាន ការងារបម្រើសេវាសាធារណៈ សេវារដ្ឋបាល សំណូមពររបស់ពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព ឲ្យស្របតាមច្បាប់និងស្វែងយល់ ពីបញ្ហាប្រឈមព្រមទាំងរកឲ្យឃើញនូវភាពអសកម្មរបស់មន្ត្រីរាជការ ដែលធ្វើឲ្យស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងប៉ះពាល់ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកក៏បានឲ្យដឹងទៀតថា ជាមួយគ្នានេះ ត្រូវរកឲ្យឃើញពីកំហុសឆ្គងដែលមន្ត្រីប្រព្រឹត្តខុសម្តងហើយម្តងទៀត ហើយមិនព្រមកែប្រែនិងខុសដោយ អចេតនា លើការត្រូតពិនិត្យ ការងារពាក់ព័ន្ធនឹងចរាចររដ្ឋបាល លិខិតស្នាម ឯកសារផ្សេងៗ បើធ្វើមិនបានម៉ត់ចត់ទេ វានឹងក្លាយជាការបែកបាក់ សាមគ្គីភាព ផ្ទៃក្នុង និងប៉ះពាល់ដល់គោលនយោបាយរបស់ រាជរដ្ឋាភិបាលទៀតផងដែរ។ ម៉្យាងទៀតក៏ត្រូវកំណត់ឲ្យបានច្បាស់ពីការងារណាត្រូវធ្វើមុន ការងារណាត្រូវធ្វើបន្ទាប់ ទោះបីមន្ត្រីនោះមកពីគណបក្សនយោបាយណាក៏ដោយ ក៏ស្ថិតនៅក្នុងរដ្ឋបាលឯកភាពតែមួយ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង សម្រាប់ប្រើប្រាស់ជា បណ្តោះអាសន្ន ជូនដល់គ្រួសារក្រីក្រ និងជនចាស់ជរា ជាពិសេសអ្នកជំងឺខ្វះលទ្ធភាព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ផងដែរ៕