(ភ្នំពេញ)៖ និស្សិត និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង៨០នាក់ បានទៅចូលរួមទទួលយកចំណេះដឹង ក្នុងសិក្ខាសាលាស្តីអំពីការងារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។
សិក្ខាសាលានេះ សហការរៀបចំឡើងដោយសភាពាណិជ្ជកម្មអ៊ឺរ៉ុប (Euro-Cham) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ដោយមានការផ្តួចផ្តើមទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ ភាសាបារាំង (AUF) ក្នុងគោលបំណងបង្ហាញនូវការវិវត្តន៍ នៃវិស័យឯកជន លក្ខខណ្ឌការងាររបស់ក្រុមហ៊ុននានា នៅក្នុងសភាពាណិជ្ជកម្មអ៊ឺរ៉ុប និងឱកាសការងារឬកម្មសិក្សា និងការចែករំលែកនូវបទពិសោធន៍ការងារ នៃបុគ្គលិកឆ្នើមនានា ក្នុងការតម្រង់ទិសក្នុងអាជីពការងារ ដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខ។
តំណាងក្រុមហ៊ុនចំនួន៦ ដែលបានចូលរួមធ្វើបទបង្ហាញរួមមាន៖ FORTE, ACLEDA BANK, THALIAS, HBS, Confluences Conseil, Sethavitou Notary Public សុទ្ធតែបាន បង្ហាញនូវបទពិសោធន៍ល្អៗ ដល់ប្អូនៗ និស្សិតនិងបង្ហាញនូវបទពិសោធន៍ល្អៗ ឱកាសសំរាប់ប្អូនៗ ដែលចង់ធ្វើកម្មសិក្សា និងបំរើការងារនៅក្នុងក្រុមហ៊ុននាពេលអនាគត។
និស្សិតទាំងឡាយ ដែលបានចូលរួមសុទ្ធតែជានិស្សិតឆ្នាំទី៣ និងទី៤ នៃកម្មវិធីបណ្តុះបណ្តាលជាភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សហការបណ្តុះបណ្តាល ជាមួយសាកលវិទ្យាល័យមួយចំនួននៃប្រទេសបារាំង។
នេះលើកទី៣ហើយ ដែលEuro Cham រៀបចំកម្មវិធីនេះ ឡើងជាបន្តបន្ទាប់ក្រោយពីបានចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្ម និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ ភាសាបារាំង (AUF) នាឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើននូវការផ្លាស់ប្តូររវាងវិស័យអប់រំបណ្តុះបណ្តាល និងវិស័យឯកជន បង្ហាញនូវទស្សនវិស័យរបស់និយោជក ក្នុងការចូលរួម អភិវឌ្ឍន៍ នូវការបណ្តុះបណ្តាលមួយដែលឆ្លើយតប នឹងតម្រូវការទីផ្សារការងារ៕