(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «អនាម័យទឹកស្អាតក្នុងគ្រាមានអាសន្ន» ដើម្បីយល់ដឹងអំពីគោលការណ៍ និងវិធីសាស្ត្រក្នុងការអនុវត្តន៍ ក្រោមអធិបតីភាព លោកស្រី ទូច ស៊ីថុល ហិរញ្ញឹកគណៈកម្មាការសាខាខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីប្រធានក្រុមអ្នកស្ម័គ្រចិត្តតាមបណ្តាឃុំគោលដៅចំនួន៣០រូប ស្រុកស្ទោង និងស្រុកកំពង់ស្វាយ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដែលរៀបចំដោយការិយាល័យការពារជម្ងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រដោយសមាគមជាតិកាកបាទក្រហមជប៉ុន តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

កញ្ញា វេនឌី នេអូ មន្ត្រីអនាម័យទឹកស្អាតសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ចង់ឲ្យសិក្ខាកាមយល់ដឹងអំពីគោលការណ៍ និងវិធីសាស្ត្រក្នុងការអនុវត្តន៍ ស្តីពីអនាម័យទឹកស្អាតក្នុងអាសន្នយល់ដឹងអំពីជម្ងឺផ្សេងៗ ដែលទាក់ទងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន និងការលើកកម្ពស់ផ្នែកសុខភាព ស្វែងយល់អំពីការដំឡើង ប្រើប្រាស់ និងថែទាំឧបករណ៍បន្សុទ្ធទឹកប្រភេទAP700CL ។

លោកស្រី ទូច ស៊ីថុល បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត គឺពិតជាមានសារសំខាន់ណាស់ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ ព្រោះទឹកវាប្រភពនៃជីវិតដែលយើងត្រូវការ ប្រើប្រាស់ ប្រចាំថ្ងៃ ស្របពេលដែលបរិយាកាសប្រែប្រួលខុសៗគ្នា ដោយប្រទេសខ្លះជួបគ្រោះរាំងស្ងួតហួតហែងខ្វះទឹកប្រើប្រាស់ ខ្លះជួបគ្រោះទឹកជំនន់លិចលង់ និងរងគ្រោះដោយ ខ្យល់ព្យុះជាដើម និងដើម្បីចូលរួមចំណែកឲ្យមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សុខភាព និងថែទាំសុខភាពក្នុងសហគមន៍បងប្អូនត្រូវការប្រើប្រាស់ទឹកស្អាត ។

លោកស្រី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលបានសិក្សារៀនសូត្រ យកទៅផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ឲ្យបានទូលំទូលាយ ដើម្បីសុខមាលភាព និងយកឧបករណ៍បន្សុទ្ធទឹកប្រើប្រាស់ឲ្យចំគោលដៅ។

លោកស្រីបន្ដទៀតថា រីឯសមិទ្ធផលដែលបានធ្វើរួចហើយ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាជន នៅក្នុងតំបន់ឲ្យពួកគាត់ចេះថែរក្សា និងជួយជួសជុលក្នុងការករណីមានការខូចខាតតិចតួច ជាតួយ៉ាងមុននឹងដាក់សមិទ្ធផលណាមួយ ឲ្យពួកគាត់ត្រូវតែមានកិច្ចសន្យានៃការថែទាំ និងជួលជុលតូច ក្នុងន័យដាស់អារម្មណ៍ឲ្យពួក គាត់យល់ថាពួកគាត់គឺជាម្ចាស់កម្មសិទ្ធិ រួមនៃសមិទ្ធផលនោះផងដែរ៕