(ភ្នំពេញ)៖ អង្គការទស្សនៈពិភពលោក បានបើកយុទ្ធនាការមួយមានឈ្មោះ «It Takes a World» នៅប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការសកល៥ឆ្នាំ ដើម្បីបញ្ឈប់អំពើហិង្សាទៅលើកុមារ ស្របពេលជាមួយការប្រារព្ធទិវាកុមារជាសកលលោករបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការនេះត្រូវបានប្រកាសបើកឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ជាមួយការរំពឹងថា នឹងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីបញ្ឈប់អំពើហិង្សាទៅលើកុមារ។
កុមារប្រមាណជា ១.៧ពាន់លាននាក់នៅទូទាំងពិភពលោកទទួលរងអំពើហិង្សារៀងរាល់ឆ្នាំ។ កុមារនៅប្រទេសកម្ពុជាជាង ៧៥%ជួបប្រទះអំពើហិង្សាយ៉ាងហោចណាស់មួយទម្រង់មុនពេលពួកគេមានអាយុ ១៨ឆ្នាំ។
ការស្ទង់មតិថ្នាក់ជាតិមួយបានបង្ហាញថា កុមារកម្ពុជាច្រើនជាង ៥០% ទទួលរងនូវអំពើហិង្សាលើរូបរាងកាយ ២៥%ទទួលរងអំពើហិង្សាផ្នែកផ្លូវចិត្ត និងប្រមាណជា ៥%ទទួលរងនូវអំពើហិង្សាផ្នែកផ្លូវភេទ។ លើសពីនេះទៀតប្រទេសកម្ពុជា ទទួលរងការខាតបង់សេដ្ឋកិច្ចជាទឹកប្រាក់ចំនួន ១៦១លានដុល្លារអាមេរិក ឬប្រមាណជា ១.១០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដែលជាផលវិបាកផ្នែកសុខភាពបណ្តាលមកពីអំពើហិង្សាលើកុមារ នេះបើយោងតាមការប៉ាន់ប្រមាណរបស់អង្គការមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ(UNICEF) ឆ្នាំ២០១៣។
កុមារទទួលរងអំពើហឹង្សាពេលនៅផ្ទះ និងនៅសាលារៀន ដែលគួរតែជាកន្លែងដែលពួកគេមានអារម្មណ៍ថា មានសុវត្ថិភាពបំផុត។ យោងតាមអង្គការមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារកម្ពុជា កុមារតែងតែទទួលរងវិន័យដែលមានការប្រើហិង្សាពីឪពុកម្តាយ អាណាព្យាបាល និងគ្រូបង្រៀន ដែលការធ្វើបែបនេះអាចមានផលប៉ះពាល់យូរអង្វែងទៅលើពួកគេ។
យុទ្ធនាការ It Takes a World មានគោលបំណងចង់ផ្លាស់ប្តូរជំនឿ និងអាកប្បកិរិយាអំពីអំពើហិង្សា ក៏ដូចជាលើកទឹកចិត្តការដាក់វិន័យបែបវិជ្ជមាន។ ក្នុងពេលជាមួយគ្នានេះ អង្គការទស្សនៈពិភពលោកបានបង្កើត Facebook Frame ជាមួយសារថា «ខ្ញុំគាំទ្រការអប់រំកុមារបែបវិជ្ជមាន»។
លោកស្រីបណ្ឌិត ជីល រេម័រ ប្រធានបច្ចេកទេសផ្នែកអប់រំ និងបំនិនជីវិតរបស់អង្គការទស្សនៈពិភពលោកបានថ្លែងថា «យើងដឹងពីការស្រាវជ្រាវសកលថា អំពើហិង្សាមានឥទ្ធិពលអាក្រក់ទៅលើការអភិវឌ្ឍផ្នែកសតិអារម្មណ៍ ផ្លូវចិត្ត និងភាសារបស់កុមារ។ យើងក៏ដឹងផងដែរថាអំពើហឹង្សា អាចមានផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងសង្គម និងការសិក្សារបស់កុមារផងដែរ»។
យុទ្ធនាការ It Takes a World នឹងត្រូវបានអនុវត្តដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកដឹកនាំកម្មវិធីបច្ចេកទេសរបស់អង្គការទស្សនៈពិភពលោកដោយទទួលយកមតិយោបល់សំខាន់ៗ ពីក្រុមប្រឹក្សាកុមារ និងយុវជនរបស់យុទ្ធនាការនេះ។ អង្គការទស្សនៈ ពិភពលោកធ្វើបែបនេះ ពីព្រោះចង់បានមតិយោបល់ និងស្ដាប់អំពីការលំបាករបស់កុមារ និងយុវជនក៏ដូចជាផ្ដល់ឱកាសឲ្យពួកគេចូលរួមក្នុងការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។
អ្នកនាង ជា លីដា ប្រធានយុទ្ធនាការ It Takes a World បាននិយាយថា កុមារដែលរស់នៅជាមួយឪពុកម្តាយដែលប្រើអំពើហិង្សា អាចក្លាយជាឪពុកម្ដាយដែលប្រើអំពើហិង្សាដូចគ្នានៅពេលដែលពួកគាត់ធំឡើង ដែលនេះបន្ដវដ្តនៃការរំលោភបំពាន។ ហើយនៅពេលដែលអំពើហឹង្សាត្រូវបានគេទទួលយក និងគិតថាជារឿងធម្មតានៅក្នុងបរិបទគ្រួសារ ការប្រើអំពើហិង្សាអាចត្រូវបានគេទទួលយកនៅសាលារៀន និងសហគមន៍ទាំងមូលផងដែរ។
អង្គការទស្សនៈពិភពលោក នឹងធ្វើការជាមួយឪពុកម្តាយ គ្រូបង្រៀន សហគមន៍ និងសាធារណៈជនទូទៅដើម្បីផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ដើម្បីការពារកុមារពីអំពើហិង្សា និងការលើកទឹកចិត្តការអប់រំបែបវិជ្ជមាន។ កុមារ និងយុវជន នឹងទទួលបានការអប់រំអំពីសិទ្ធិរបស់ពួកគេ និងរបៀបការពារខ្លួនឯង និងមិត្តភក្តិរបស់ពួកគេ។ អង្គការទស្សនៈពិភពលោកបាននឹងកំពុងបណ្តុះបណ្តាលអ្នកសម្របសម្រួលក្លឹបកុមារ ដើម្បីជួយកុមារអភិវឌ្ឍជំនាញបំណិនជីវិតសំខាន់។ អង្គការ ទស្សនៈពិភពលោក នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងជាច្រើន ជាពិសេស ក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី និងក្រសួងអប់រំ ដើម្បីពង្រឹងវិធានការបង្ការអំពើហិង្សា និងអនុវត្តគោលនយោបាយ និងច្បាប់ការពារកុមារ។ ក្នុងពេលជាមួយគ្នានេះ អង្គការទស្សនៈពិភពលោក ក៏នឹងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីធានាថា គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ ជាទង្វើដែលមិនអាចទទួលយកបាននោះទេ ក៏ដូចជាជួយជម្រុញការផ្លាស់ប្តូរអាកប្បកិរិយាដើម្បីទប់ស្កាត់អំពើហិង្សាទៅលើកុមារនៅគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព។
អ្នកនាង លីដា បានបន្ដថា «យើងចាំបាច់ត្រូវចាប់ផ្តើមការសន្ទនាអំពីអំពើហិង្សាលើកុមារ និងផ្លាស់ប្ដូរជំនឿ និងអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ដល់កុមារ។ មានតែតាមរយៈការធ្វើការរួមគ្នានោះទេ ទើបយើងអាច បញ្ឈប់អំពើហិង្សាលើកុមារបាន»។
សូមបញ្ជាក់ថា អង្គការទស្សនៈពិភពលោកគឺជាអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុង ៩ខេត្ត/ក្រុង គ្របដណ្តប់លើតំបន់កម្មវិធីចំនួន ៤៧ស្រុក/ខណ្ឌ និង ២៦៨ឃុំ/សង្កាត់នៅទូទាំងប្រទេសកម្ពុជា។ កម្មវិធីស្នូលរបស់អង្គការទស្សនៈពិភពលោករួមមាន ការអប់រំនិងបំណិនជីវិត សុខភាពនិងអាហារូបត្ថម្ភ ការការពារកុមារ និងការពង្រឹងសមត្ថភាពយុវជន៕