(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រនេះ គឺចង់បង្ហាញថា គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ជាស្ថាប័នដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើកាតព្វកិច្ចពន្ធលើប្រាក់ចំណូល ខណៈការប្រគល់វិញ្ញាបនបត្រនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ បានប្រកាសដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឲ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។
រំឭកបន្តិចចុះថា «អម្រឹត» គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្លាប់ទទួលបានវិញ្ញាបនបត្រ «គោលការណ៍ការពារអតិថិជន» ជាផ្លូវការពី Smart Campaign សម្រាប់ការអនុលោមតាម គោលការណ៍ស្តង់ដារ ដ៏តឹងរឹងក្នុងកិច្ចការពារអតិថិជន ដែលគម្រោងនេះទទួលបានការគាំទ្រពីមូលនិធិពី ទីភ្នាក់ងារអភិវឌ្ឍន៍អាស៊ី (AFD) ក្រោមគម្រោង «ការការពារអតិថិជន» របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» បានប្រកាន់ភ្ជាប់យ៉ាងតឹងរឹង នូវគោលការណ៍ទាំង៧ របស់វិញ្ញាបនបត្រ ក្នុងពេលកន្លងមក ដែលគោលការណ៍ទាំងនោះ មានចក្ខុវិស័យក្នុងការជួយលើកកម្ពស់ សុខមាលភាពហរិញ្ញវត្ថុអតិថិជន ប្រកបទៅដោយនិរន្តភាព។
ជាងនេះទៅទៀត «អម្រឹត» គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានវិនិយោគិនអន្តរជាតិ ដែលជាកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីជួយជ្រោមជ្រែង «អម្រឹត» ឲ្យកាន់តែមានកិត្តិនាម និងកិត្យានុភាពរីកសុសសាយ នៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្តែង Advans SA គឺជាភាគទុនិកដ៏ធំមួយ ដែលបានវិនិយោគក្នុងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត ចំនួន៥២,៧៨% នៃភាគហ៊ុនសរុបរបស់ «អម្រឹត»។ Advans SA ជាក្រុមហ៊ុនមួយដែលមានការិយាល័យកណ្តាល នៅក្នុងប្រទេសលុចហ្សំបួរ ដែលគ្របដណ្តប់ប្រាំបួនប្រទេស ដូចជា ប្រទេសកាមេរ៉ូន ហ្កាណា កុងហ្គូ តាន់ហ្សានីយ៉ា កូដូវ័រ ប៉ាគីស្ថាន នីហ្សេរីយ៉ា ទុយនេស៊ី និងរួមទាំងប្រទេសកម្ពុជាផងដែរ។
ជាងនោះទៅទៀត សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលហៅកាត់ថា «IFC» ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពិភពលោក World Bank Group ក៏បានវិនិយោគ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ដែលមានភាគហ៊ុនចំនួន ១៩,៩៩% នៃភាគហ៊ុនសរុបរបស់ «អម្រឹត»។ IFC គឺជាស្ថាប័នមួយដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍជុំវិញពិភពលោក ដោយផ្ដោតទាំងស្រុង ទៅលើវិស័យឯកជន។ IFC ធ្វើការជាមួយសហគ្រាសឯកជន នៅក្នុងបណ្ដាប្រទេសប្រមាណជា ១០០ប្រទេស។ បន្ថែមលើសពីនេះទៅទៀត «អម្រឹត» ក៏មានភាគទុនិកអន្តរជាតិផ្សេងទៀត ដូចជា FMO ជាក្រុមហ៊ុនអភិវឌ្ឍន៍ធនាគារ របស់ប្រទេសហូឡង់ មានភាគហ៊ុនចំនួន ១៩,៩៩%, LFP ជាក្រុមហ៊ុនវិនិយោគដែលបានចុះបញ្ជី ក្នុងប្រទេសបារាំង មានភាគហ៊ុនចំនួន ៤,០៦% និង Botta ដែលជាក្រុមហ៊ុនបុគ្គលិក មានភាគហ៊ុនចំនួន៣,១៧%។
សូមបញ្ជាក់ថា «អម្រឹត» គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដែលផ្ដល់សេវាហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងដល់ប្រជាជន ដែលមានប្រាក់ចំណូលពីទាបទៅមធ្យម ដោយផ្ដោតជាចម្បងទៅលើ វិស័យកសិកម្ម និងសហគ្រាសខ្នាតតូច និងមធ្យមនៅតាមទីជនបទដាច់ស្រយាល ទីរួមស្រុក/ខេត្ត និងទីក្រុងភ្នំពេញ ។ «អម្រឹត» ក៏ផ្តល់ជូននូវសេវាហិរញ្ញវត្ថុជាច្រើនទៀតមានដូចជា សេវាប្រាក់បញ្ញើ រាប់បញ្ចូលទាំងគណនីសន្សំ និងសេវាដាក់ប្រាក់មានកាលកំណត់ សេវាផ្ទេរប្រាក់ សេវាហិរញ្ញវត្ថុចល័ត សេវាទូទាត់វិក្កយបត្រ និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។ គិតមកត្រឹមខែតុលា ឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» មានបុគ្គលិកចំនួន ៤.០៤១ នាក់ ហើយកំពុងបម្រើសេវាកម្ម ជូនអតិថិជនជាង ៤០០.៥៩៥ នាក់ នៅតាមសាខាចំនួន១៥៥ ទីតាំងទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ «អម្រឹត» មានទ្រព្យសកម្មសរុបចំនួន៧៨៨ លានដុល្លារសហរដ្ឋអាមេរិក ផ្ដល់ប្រាក់កម្ចីក្នុងដៃអតិថិជនមានចំនួន ៦៧៧ លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើរបស់អតិថិជន មានចំនួន ៣៥១ លានដុល្លារអាមេរិក៕