(កំពង់ចាម)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រួមដំណើរដោយលោក អ៊ិន សុខគុណ តំណាងឲ្យបងប្អូនដែលជាម្ចាស់នៃមូលនិធិខ្មែរនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក និងសហការីបានចុះមកជួបសំណេះសំណាល សួរសុខទុក្ខជាមួយក្មួយៗពិការ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលាកុមារពិការភ្នែក និងកុមារគថ្លង់កំពង់ចាម ដែលស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

​បន្ថែមពីលើការ​នាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្តក៏បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ផ្តល់តម្លៃ និងអាទិភាពខ្ពស់ដល់បងប្អូន ជាជនពិការគ្រប់ប្រភេទនៅទូទាំងប្រទេស។

​ជាមួយគ្នានោះ ក៏សូមអរគុណចំពោះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់សាលាកុមារពិការភ្នែក និងកុមារគថ្លង់កំពង់ចាមនេះ។

​អ្នកតំណាងរាស្រ្ត ក៏បានថ្លែងនូវការកោតសរសើរ និងអំណរអរគុណចំពោះលោកនាយក គណៈគ្រប់ គ្រងសាលា លោកគ្រូ អ្នកគ្រូ និងលោក លោកស្រីបុគ្គលិកទាំងអស់នៅទីនេះ ដែលជានិច្ចកាលតែងតែយកចិត្ត ទុកដាក់ចំណាយពេលផ្ទាល់ខ្លួន និងក្រុមគ្រួសារ​មើលថែ បណ្តុះបណ្តាលចំណេះដឹង និងជំនាញដល់ក្មួយៗ ដែលជាជនពិការភ្នែក​គ និ​ងថ្លង់ ដើម្បីឲ្យពួកគាត់មានសមត្ថភាពអាចចូលរួមបម្រើការងារក្នុងសង្គមដូចគេឯង។

​លោក ចាយ បូរិន ក៏បានជំរុញលើកទឹកចិត្ត និងផ្តល់តម្លៃដល់ក្មួយៗ ដែលជាជនពិការ កុំឲ្យអស់សង្ឈឹម ក្នុងជីវិត​ផ្ទុយទៅវិញត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង និងជំនាញដែលលោកគ្រូ អ្នកគ្រូផ្តល់ឲ្យដើម្បីប្រែក្លាយខ្លួនទៅជាមនុស្សដែលមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារបានច្រើនប្រភេទ។

ក្នុងឱកាសជួបសួរសុខទុក្ខ​សំណេះសំណាលនេះផងដែរ អ្នកតំណាងរាស្រ្ត និងតំណាងមូលនិធិខ្មែរនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក​ ក៏បាន​នាំនូវអំណោយជា ឃីត ថវិកា និងសម្ភារៈប្រើប្រាស់ ជូនដល់ក្មួយៗពិការដែលមានសរុបចំនួន​១៩៧នាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសរុបចំនួន៣៨នាក់ និងថវិការួមទាំងសម្ភារៈបរិក្ខាសម្រាប់ទ្រទ្រង់សាលាមួយចំនួនផងដែរ៕