(ភ្នំពេញ)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ ប្រសិនបើកម្ពុជាមិនមែនជាប្រទេសដែលមានសក្ដានុពលផ្នែកសេដ្ឋកិច្ចនោះទេ ប្រហែលជាមិនមែនប្រទេសដទៃណាមកវិនិយោគនៅក្នុងប្រទេសកម្ពុជានោះឡើយ។
ការថ្លែងបែបនេះរបស់លោកធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធអាគារតាំងបង្ហាញរថយន្ត Volkswagen នាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកទេសរដ្ឋមន្រ្ដីបានថ្លែងថា «កម្ពុជាពិតជាប្រទេសដែលមានសក្ដានុពលពិតមែន បើកម្ពុជាមិនមានសក្ដានុពលអភិវឌ្ឍសេដ្ឋកិច្ចទេ គេក៏មិនមកវិនិយោគជាមួយដែរ។ បើមិនមានថ្នាក់វណ្ណៈកណ្ដាលដែលមានលុយអាចទិញរបស់ទំនើបៗទេនោះ»។
លោកថា នេះមិនមែនជារឿងចម្លែកទេដែលប្រទេសដទៃទៀត មកវិនិយោគចាប់ដៃគូជាមួយអ្នកវិនិយោគិននៅកម្ពុជា ព្រោះគេឃើញថាស្នាដៃរបស់ អ្នកវិនិយោគិនកម្ពុជាដែលបានធ្វើកន្លងមក មានជាមួយក្រុមហ៊ុនល្បីៗជាច្រើនមានភាពល្អប្រសើរ និងទទួលបានជោគជ័យ ទាំងការទាក់ទាញម៉ាកល្បីៗ ដូចជាម៉ាកម្ហូបអាហារ ភោគជនីយដ្ឋាន គ្រឿងសំភារៈផ្សេងៗមកកម្ពុជា។
លោកបន្ដទៀថា «អ្នកវិនិយោគិនបរទេសទាំងអស់មានភាពជឿជាក់លើអ្នកវិនិយោគិនកម្ពុជា ហេតុដូច្នេះទើបក្រុមហ៊ុន Volkswagen មកចូលរួមសហការដើម្បីសម្ពោធអគារតាំងបង្ហាញរថយន្ដនេះ។ ខ្ញុំសូមកោតសសើរដោយស្មោះស្ម័គ្រចំពោះលោកលោកស្រី អ្នកនាងកញ្ញា ទាំងអស់ដែលបានខិតខំទាក់ទាញម៉ាកល្អៗពីបរទេសមកកម្ពុជា»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានបន្ដដំណើរឆ្ពោះទៅផ្នែកមួយដ៏សំខាន់ ក្នុងសហគមន៍អាស៊ានដោយមានកំណើនសេដ្ឋកិច្ចថេរ មានស្ថេរភាពនយោបាយល្អ និងផ្ដោតសំខាន់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីលំហូរចូលនៃវិនិយោគទុនបរទេស ដែលមិនចេះរីងស្ងូតចូលក្នុងប្រទេស និងការកើនឡើងនូវចំនួនម៉ាកផលិតផលអន្ដរជាតិ ដែលបាននាំចូលដោយក្រុមហ៊ុនក្នុងស្រុក។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង Volkswagen បានសហការជាមួយក្រុមហ៊ុន HGB Group Co. Ltd រៀបចំសម្ពោធអគារតាំងលក់រថយន្ដ ប្រណីត និងទំនើបកម្រិតខ្ពស់របស់ខ្លួនហើយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ភាពជាដៃគូនេះ ក្រុមហ៊ុន HGB Group នឹងក្លាយទៅជាតំណាងចែកចាយតែមួយគត់ដែលមានលក់រថយន្ដតូចៗសម្រាប់គ្រួសារ និបប្រភេទរថយន្ដ ដឹកអ្នកដំណើរសម្រាប់អាជីវកម្ម របស់ក្រុមហ៊ុន Volkswagen។
អាគារថ្មីនេះផ្ដោតសំខាន់លើការលក់រថយន្ដ ការផ្ដល់សេវាកម្មរហ័សទាន់ចិត្ត និងគ្រឿងបន្លាស់សម្បូរបែប នៅទីនោះជាកន្លែងតែមួយគត់ដែលមានបំពាក់បច្ចេកទេសទំនើបបំផុត និងជាកន្លែងផ្ដល់ប្រឹក្សាយោបល់ក្រោយការលក់ដ៏ល្អបំផុត ដែលមានបុគ្គលិកដែលទទួល ការបណ្ដុះបណ្ដាលនូវចំណេះជំនាញច្បាស់លាស់។
សូមជម្រាបថា ក្រុមហ៊ុន HGB Group ជាក្រុមហ៊ុនឯកជនក្នុងស្រុកមួយរបស់កម្ពុជា ដែលមានឯកទេសលើវិស័យយានយន្ដគ្រប់ធុន F&B ការរលក់រាយ និងលក់ទំនិញប្រណីត ហើយបានក្លាយទៅជាក្រុមហ៊ុន ចែកចាយស្រប់ច្បាប់រថយន្ដម៉ាក Volkswagen នៅកម្ពុជា៕