(សេអ៊ូល)៖ កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោង ឬក៏បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាថ្មីម្ដងទៀតនៅមុនដំណាច់ឆ្នាំ២០១៧នេះ ខណៈសកម្មភាពនៅឯមជ្ឈមណ្ឌលស្រាវ ជ្រាវមីស៊ីលមានកាន់តែច្រើនឡើង។ នេះបើតាមទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង (NIS) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងរបាយការណ៍របស់ខ្លួន ដាក់ជូនសភាកូរ៉េខាងត្បូង NIS បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខណៈសកម្មភាពយានយន្ដមានកាន់តែច្រើនឡើង នៅឯមជ្ឈមណ្ឌលស្រាវជ្រាវមីស៊ីលមួយ របស់កូរ៉េខាងជើង ការធ្វើតេស្ដម៉ូទ័រមួយទំនងជាត្រូវបានធ្វើឡើងរួចទៅហើយ... ដូច្នេះវាអាចទៅរួចដែលថាកូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីលផ្លោង ឬក៏បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាថ្មីម្ដងទៀតនៅមុនដំណាច់ឆ្នាំ២០១៧នេះ ដោយសំអាងលើការគំរាមកំហែង ពីសំណាក់សហរដ្ឋអាមេរិក ជាលែសបង្កើនសមត្ថភាពមីស៊ីលទុកការពារខ្លួនឯង»។ បន្ថែមពីលើនេះសមាជិកសភា លោក Yi Wan-young ក៏បានឱ្យដឹងដែរថា ទីក្រុងព្យុងយ៉ាងទំនងជានឹងធ្វើតេស្ដមីស៊ីល ក្រោមក្របខណ្ឌនៃការបាញ់បង្ហោះផ្កាយរណប និងការអភិវឌ្ឍទីអវកាសដោយសន្តិវិធី។
គួរបញ្ជាក់ថា បើតាម NIS រ៉ូងក្រោមដីលេខ ០៣ នៃទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri ទំនងជាបានត្រៀមរួចជាស្រេចសម្រាប់ការធ្វើតេស្ដនុយក្លេអ៊ែរ ដោយរង់ចំាតែបញ្ជាពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការសន្និដ្ឋាននេះ មានលទ្ធភាពខ្ពស់ថា នឹងកើតឡើងត្បិតទីក្រុងព្យុងយ៉ាងអាចនឹងយកការធ្វើតេស្ដមីស៊ីល ផ្លោងជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបតែប្រកាសបញ្ចូលកូរ៉េខាងជើង ក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករកាលពីថ្ងៃចន្ទ៕