(ភ្នំពេញ)៖ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ការលាលែងពីតំណែងរបស់សមាជិក គ.ជ.ប ៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ខាងមុខនេះនោះទេ។
ការអះអាងរបស់អគ្គលេខាធិការរងគ.ជ.បរូបនេះ បានធ្វើឡើងបន្ទាប់ពី អនុប្រធាន និងសមាជិក សរុប៣រូប របស់គ.ជ.ប កូតាមកពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួន នៅក្នុងស្ថាប័នគ.ជ.ប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែតុលាការរំលាយគណបក្សសង្រ្គោះជាតិ ដែលផ្តល់កូតាដល់ពួកគេ។ សមាជិកគ.ជ.ប ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។
លោក សោម សូរីដា បានបញ្ជាក់ថា ការលាលែងរបស់សមាជិកគ.ជ.បទាំង៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតខាងមុខនេះឡើយ ដោយសារការសម្រេចធំបំផុតរបស់គ.ជ.ប រួមមាន ការកែប្រែនីតិវិធី និងបទបញ្ជាផ្ទៃក្នុង គឺត្រូវការត្រឹមតែសំឡេង២ភាគ៣ នៃសមាជិកគ.ជ.ប ៩រូប ដូច្នេះនៅពេលនេះ សមាសភាពគ.ជ.បមានចំនួន៦រូប ដែលគ្រប់គ្រាន់នឹងសំឡេង២/៣ ទៅហើយ។ ដោយឡែកការសម្រេចផ្សេងៗទៀត គឺយកតែសំឡេងភាគច្រើនដាច់ខាត ៥០បូក១តែប៉ុណ្ណោះ។
លោកអគ្គលេខាធិការរងរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីជំនួសអ្នកទាំង៣រូបដែលបានលាលែងពីតំណែងនោះ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីគ.ជ.ប រៀបចំបញ្ជីឈ្មោះតំណាងរាស្រ្តថ្មី ដែលជំនួសតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ ដាក់ជូនរដ្ឋសភា ហើយការងារនេះអាចនឹងបញ្ចប់ឆាប់ៗនេះ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតសំខាន់ៗជាបន្តបន្ទាប់ នៅឆ្នាំ២០១៨ខាងមុខនេះ ក្នុងនោះមាន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕