(កំពង់ចាម)៖​ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល ដឹកនាំកិច្ចប្រជុំផ្សាព្វផ្សាយ​សាលដីការបស់តុលាកំពូល, លិខិតបទដ្ឋាននានារបស់​ក្រសួងមហាផ្ទៃ និងសារលិខិតជូនជនរួមជាតិ របស់សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃ​កម្ពុជា ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ កាលថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំដែលបានធ្វើនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក​ឧត្តមសេនីយ៍ស្នងការ ​ធ្វើការណែនាំបន្ថែម នូវភារកិច្ចថ្មីៗមួយចំនួនទៀត ដែលកងកម្លាំងត្រូវអនុវត្តបន្តចំពោះមុខ​ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព និង​សណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ។​

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

ក្រោយតុលាការកំពូលចេញដីកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕