(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរអាវុធគីមី និងសហការជាមួយស៉ីម៉ាក់ បន្តប្រតិបត្តិការជីកដោះគ្រាប់បែកគីមី ដែលទម្លាក់ពីយន្តហោះរបស់អាមេរិក នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងយូរ២សប្តាហ៍ទៀត។
បើតាមលោកការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ជ័យ សុន មន្ត្រីជំនាញរបស់អាជ្ញាធរអាវុធគីមី និងស៉ីម៉ាក់ បានចុះទៅកំណត់ទីតាំងគ្រាប់បែកបន្ថែមទៀត និងរៀបចំទីកន្លែង ដើម្បីកម្លាំងជំនាញស្នាក់នៅ ពេលចាប់ផ្តើមប្រតិបត្តិការ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា «យ៉ាងយូរ២សប្តាហ៍ទៀត មន្ត្រីជំនាញរបស់យើងនឹងបន្ត ជីកដោះគ្រាប់បែកមួយគ្រាប់ដែល នៅជិតផ្ទះប្រជាពលរដ្ឋ ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ពីសាលាបឋមសិក្សាគគីរ ទីតាំងដែលដោះបានគ្រាប់បែកគីមី១គ្រាប់ហើយនោះ»។
ជុំវិញបញ្ហាគ្រាប់បែកគីមីនេះ អង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons - OPCW) នៃអង្គការសហប្រជាជាតិ បានឆ្លើយតបនឹងសំណើ របស់រាជរដ្ឋាភិបាលកម្ពុជាហើយ និងសន្យាបញ្ជូនក្រុមបច្ចេកទេសអាវុធគីមី មកកម្ពុជា ដើម្បីវាយតម្លៃ និងសហការដោះស្រាយបញ្ហាគ្រាប់បែកគីមី ដែលបានរកឃើញ នៅខេត្តស្វាយរៀង។ នេះបើការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ជ័យ សុន។
គ្រាប់បែកគីមីដែលកម្ពុជាបានរកឃើញនៅឃុំគគីរ និងឃុំផ្សេងទៀត ស្រុករមាសហែក ខេត្តស្វាយរៀង រហូតមកដល់ពេលនេះ ប្រមាណ២២ទីតាំងថ្មីទៀត ត្រូវបានមន្ត្រីជំនាញអះអាងថា ជាប្រភេទជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents ដែលបង្កទុក្ខទោសយ៉ាងខ្លាំង ដល់សុខភាពរបស់មនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។
បច្ចុប្បន្នប្រជាពលរដ្ឋក្នុងឃុំគគីរជាច្រើននាក់រកឃើញថា រងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរចំពោះសុខភាព ក្នុងនោះភាគច្រើនកើតរោគរមាស់លើស្បែកខ្លាំង ហើយក៏មានក្មេង កើតមកមិនគ្រប់លក្ខណៈផងដែរ។ ជនរងគ្រោះដោយគ្រាប់បែកគីមីនេះ កំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ។
របាយកាណ៍បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន។
គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមី បានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាតគ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះផងដែរ៕