(សេអ៊ូល)៖ កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀតនៅមុនដំណាច់ឆ្នាំ២០១៧ នេះខណៈសកម្មភាពនៅឯមជ្ឈមណ្ឌល ស្រាវជ្រាវមីស៊ីលមានកាន់តែច្រើនឡើង។ នេះបើតាមទីភ្នាក់ងារស៊ើបការសំងាត់កូរ៉េខាងត្បូង (NIS) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងរបាយការណ៍របស់ខ្លួនដាក់ជូនសភាកូរ៉េខាងត្បូង NIS បានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈសកម្មភាពយានយន្ដមានកាន់តែច្រើនឡើង នៅឯមជ្ឈមណ្ឌលស្រាវជ្រាវមីស៊ីលមួយ របស់កូរ៉េខាងជើង ការធ្វើតេស្ដម៉ូទ័រមួយទំនងជាត្រូវបានធ្វើឡើងរួចទៅហើយ...ដូច្នេះថា វាមានអាចទៅរួចថាកូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀតនៅមុនដំណាច់ ឆ្នាំ២០១៧នេះ ដោយសំអាងលើការគំរាមកំហែង ពីសំណាក់សហរដ្ឋអាមេរិកជាលេសបង្កើនសមត្ថភាពមីស៊ីល និងអភិវឌ្ឍបច្ចេកវិទ្យាទីអវកាសដោយសន្តិវិធី»។
គួរបញ្ជាក់ថា បើតាម NIS រ៉ូងក្រោមដីលេខ០៣ នៃទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri ទំនងជាបានត្រៀមរួចជាស្រេចសម្រាប់ការធ្វើតេស្ដនុយក្លេអ៊ែរ ដោយរង់ចំាតែបញ្ជា ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ៕