(ភ្នំពេញ)៖ ពិតជាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលឡើយដែលអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួនបីរូប មកពីកូតាគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តលាលែងចេញពីតំណែងនៅថ្ងៃទី២០ ខែវិច្ឆិកានេះ បន្ទាប់ពីគណបក្សខ្លួនត្រូវបានតុលាការកំពូល សម្រេចរំលាយចោល ដោយសារតែរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរនិង បំពានច្បាប់ស្តីពីគណបក្សនយោបាយដែលទៅឃុបឃិត និងទទួលបញ្ជាពីបរទេស មកបំផ្លាញខ្មែរ។ មិនភ្ញាក់ផ្អើលពីព្រោះគួយ ប៊ុនរឿង រ៉ុង ឈុន និងតែ ម៉ានីរ៉ុង ក្នុងចំណោមសមាជិក៤រូបដែលមកពីគណបក្សសង្គ្រោះជាតិ មិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជនដោយសេចក្តីស្មោះត្រង់ និងធ្វើជាអាជ្ញាកណ្តាលដ៏ត្រឹមត្រូវឡើយ ប៉ុន្តែបានបម្រើផលប្រយោជន៍បក្ស ពីក្រោយខ្នងក្រោមរូបភាពជាសមាជិក គ.ជ.ប. ទោះបីជានៅពេលចូលកាន់តំណែងត្រូវធ្វើពិធីសម្បថថាមិនប្រកាន់បក្សពួកក្តី។
នៅក្នុងលិខិតលាលែងរបស់ខ្លួន គួយ ប៊ុនរឿង រ៉ុង ឈុន និងតែ ម៉ានីរ៉ុង បានរៀបរាប់យ៉ាងវែងអន្លាយការពារអតីតគណបក្សសង្គ្រោះជាតិការពារអំពើក្បត់ជាតិ របស់បក្សនេះ និងថាខ្លួនមិនអាចបន្តបម្រើការងារបន្តទៀត បានទេព្រោះក្បត់ឧត្តមគតិ មនសិការ និងក្បត់ឆន្ទៈពិតប្រាកដរបស់ប្រជារាស្ត្រម្ចាស់ឆ្នោត នាំឱ្យជាប់ឈ្មោះអាក្រក់ ក្នុងប្រវត្តិសាស្ត្រ។
ហេតុផលស្តាប់ទៅដូចជាគ្រាន់បើ ប៉ុន្តែបើពិនិត្យឱ្យច្បាស់អ្នកទាំងបីនេះកំពុងតែឈឺចិត្ត និងខកចិត្តយ៉ាងខ្លាំងពេលបក្សសង្គ្រោះជាតិត្រូវបានរំលាយ ធ្វើឱ្យក្តីសង្ឃឹមរបស់ខ្លួន រលាយដូចអំបិលត្រូវទឹក។ នេះក៏បានបង្ហាញយ៉ាងច្បាស់ថាសមាជិកទាំងបីរូបនេះ ទោះបីជាបានលាលែងពីសមាជិកភាពបក្ស និងបានស្បថចូលកាន់តំណែងជាអនុប្រធាន និងសមាជិក គ.ជ.ប រួច ហើយក៏ដោយ ក៏ចិត្តគំនិតនិងមនសិការមិនបានបម្រើជាតិពិតប្រាកដឡើយ គឺបម្រើផលប្រយោជន៍បក្សជាធំដើម្បី សម្រេចគោលបំណងចុងក្រោយនៅឆ្នាំ ២០១៨ របស់ក្រុមខ្លួន។
ប៉ុន្តែជាអកុសលបំណងឡើងកាន់អំណាចដោយប្រើកម្លាំងមហាជនតាមទម្រង់បដិវត្តន៍ពណ៌ របស់គណបក្សសង្គ្រោះជាតិត្រូវបានបរាជ័យទាំងស្រុង និងបានធ្វើឱ្យបក្សរលាយ ចំណែកឯមេដឹកនាំបក្សនេះត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ និងអ្នកខ្លះទៀតកំពុងរត់គេចខ្លួនដោយសារ តែមានការជាប់ពាក់ព័ន្ធនឹងផែនការក្បត់ជាតិ។ ចុះប្រសិនបើបក្សខ្លួនត្រូវបានរំលាយបាត់ទៅហើយតើពួកគេនៅបន្តបម្រើការងារធ្វើអ្វីទៀត?
ប្រសិនបើគួយ ប៊ុនរឿង រ៉ុង ឈុន និងតែ ម៉ានីរ៉ុង តម្កល់ផលប្រយោជន៍ជាតិជាធំ ពិតប្រាកដមែន នោះពួកគេនឹងមិនដាក់ពាក្យលាលែងពីតំណែងឡើយ ខណៈលោក ហ៊ីង ធីរិទ្ធ សមាជិក គ.ជ.ប. កូតារបស់អតីតគណបក្ស សង្គ្រោះជាតិប្រកាសមិនលាលែងតំណែងរបស់លោកតាមសហការីទាំងបីរបស់ខ្លួនឡើយ និងបានប្រកាសថាបន្ត បំពេញការងារតួនាទីរបស់លោកជាធម្មតា។ លោកបគូសបញ្ជាក់ថា គ.ជ.ប. ជាស្ថាប័នឯករាជ្យ។ សមាជិក គ.ជ.ប ទាំងបីនេះគឺជាមនុស្ស ជំនិតនឹង សម រង្ស៊ី ហើយបានស្វិតស្វាញ ក្នុងការបម្រើបក្សប្រឆាំងនាពេលកន្លងមក។ គួយ ប៊ុនរឿន ត្រូវបាន សម រង្ស៊ី ផ្តល់ទំនុកចិត្តកាន់ការងារបោះឆ្នោត ដែលពួកគេមានជំនឿថាគាត់នឹងជួយជ្រោមជ្រែងគណបក្សសង្គ្រោះជាតិឱ្យមានប្រៀបក្នុងការរៀបចំការងារផ្សេងៗ ទាក់ទងនឹងការបោះឆ្នោត និងជាសំឡេងរបស់បក្សសង្គ្រោះជាតិ។ ចំណែក រ៉ុង ឈុន វិញ បានអ្នកគាំទ្របុព្វហេតុបក្សប្រឆាំងជាយូរណាស់មកហើយក្រោមរូបភាពសមាគម គ្រូបង្រៀនឯករាជ្យដែលធ្វើសកម្មភាពបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ក៏ដើម្បីស្វែងរកប្រជាប្រិយភាព បក្សប្រឆាំង។
ហេតុដូច្នេះហើយបានជាបក្សប្រឆាំងជ្រើសរើសបេក្ខភាព រ៉ុង ឈុន ដើម្បីតំណាងឱ្យខ្លួននៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំណែកលោកស្រី តែ ម៉ានីរ៉ុង ត្រូវបានប្រភពខ្លះ បង្ហើបឱ្យដឹងថាមានការជាប់ សែស្រឡាយជាមួយក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី ផងដែរ។
ដូច្មេះបើបក្សសង្គ្រោះជាតិត្រូវបានរំលាយទៅហើយ ពួកគេទាំងបីអ្នកដែលស្មោះត្រង់នឹងបក្ស បម្រើបក្សជាងស្មោះត្រង់នឹងជាតិគ្មានភាពចាំបាច់អ្វី ដែលត្រូវបន្តចំណាយកម្លាំងបម្រើការងារនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀតទេ គឺមានតែលាលែងពីតំណែងប៉ុណ្ណោះ។
នៅពេលនេះ ទើបពលរដ្ឋខ្មែរដឹងច្បាស់ថា តើនរណាបម្រើជាតិ និងប្រជាជនពិតប្រាកដ នរណាខ្លះដែល ឃុបឃិតនឹងគណបក្សបក្សក្បត់ជាតិ។ តើអត់ពីគួយ ប៊ុនរឿង រ៉ុង ឈុន និងតែ ម៉ានីរ៉ុង គ្មានមនុស្សជំនួសឬ? កៅអីរបស់ពួកគេទាំងបីនឹងត្រូវជំនួសដោយតំណាងមកពីគណបក្សនយោបាយផ្សេងៗ ដែលនឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភាក្រោយពីការយក អាសនៈនៅទំនេររបស់អតីតគណបក្សសង្គ្រោះជាតិបែងចែកសាជាថ្មី។
រដ្ឋសភានឹងធ្វើការអនុវត្តនីតិវិធីនេះតាមច្បាប់កំណត់ ហើយ គួយ ប៊ុនរឿង រ៉ុង ឈុន និង តែ ម៉ានីរ៉ុង សូមបន្តបម្រើ បក្សទៀតទៅចុះ ប៉ុន្តែសូមប្រយ័ត្ន ពេលដែលបញ្ចប់តំណែងរបស់ខ្លួនហើយ តិចច្រឡំថា គណបក្សសង្គ្រោះជាតិនៅរស់រានមានជីវិតទៀតនិងធ្វើសកម្មភាពក្នងនាមគណបក្ស សង្គ្រោះជាតិ ដូចក្រុមអ្នកនយោបាយអាណាថាមួយចំនួននៅក្រៅប្រទេសកំពុងធ្វើប្រយ័ត្នខុសនឹងមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា ជនទាំងឡាយណាដែល នៅតែបន្ត គ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដែលតុលាការបានសម្រេចរំលាយជាស្ថាពរ ឬនៅតែបន្តបើកទីស្នាក់ការគណបក្សនយោបាយ ទោះជាមានសេចក្តីសម្រេចស្ថាពរ របស់តុលាការ រំលាយគណបក្សនយោបាយនោះក៏ដោយ នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ពី ១០ លានដល់ ២០លានរៀលនិង/ឬផ្តាន្ទាទោសពី១ ខែដល់ ១ឆ្នាំ៕
ដោយ៖ ចៅចាក់ស្មុក