(ភ្នំពេញ)៖ គិតពេញមួយថ្ងៃនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីអតីតថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុបចំនួន៧១នាក់ របស់គណបក្សសង្គ្រោះជាតិដែលទើបរំលាយ ដែលបានទៅសុំចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។
បើគិតត្រឹមយប់ថ្ងៃទី២០ ខែវិច្ឆិកានេះ អតីតតំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៣៨៥នាក់ហើយ ដែលបានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិដែលទើបរលាយ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមលិខិតដែលអង្គភាព Fresh News ទទួលបានពី អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា កាលពីមុនពួកគេនឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីបានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕