(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបង្ហាញថា ស្លាក បដា រួមទាំងពាក្យស្លោករបស់ គណបក្សសង្រ្គោះជាតិ នៅរាជធានីភ្នំពេញ និងខេត្តចំនួន៦ ក្នុងចំណោម២៤ខេត្ត នៅក្នុងប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរុះរើ និងត្រូវសមាជិក CNRP ទម្លាក់ដោយខ្លួនឯង អស់រលីងហើយ ខណៈដែលសកម្មភាពនេះ បានកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ នៅតាមបណ្តាខេត្តសេសសល់ផ្សេងៗទៀត។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជធានី/ខេត្តដែលត្រូវបានរុះរើ និងទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិហើយទាំងស្រុងនោះ រួមមាន រាជធានីភ្នំពេញ(៣៨០ស្លាក) កំពង់ចាម(១១០៧ស្លាក) កំពង់ធំ (៥០៨ស្លាក) កណ្តាល (១២២៧ស្លាក) កោះកុង (៧៦ស្លាក) ព្រៃវែង (១០៧៣ស្លាក) និងឧត្តរមានជ័យ(១១៦ស្លាក) ផងដែរ។
ដោយឡែកខេត្តផ្សេងៗទៀតដែលត្រូវបានរុះរើនោះ រួមមាន បន្ទាយមានជ័យ(៥៤០ស្លាក), បាត់ដំបង ៣៣១ស្លាក, កំពង់ឆ្នាំង ៤៤៩ ស្លាក,
កំពង់ស្ពឺ ២០៧ស្លាក, កំពត ៦១៧ស្លាក, ក្រចេះ ២៥៤ស្លាក, មណ្ឌលគិរី ៥៨ស្លាក, ព្រះវិហារ ៣៥០ស្លាក, ពោធិ៍សាត់ ៨៥ស្លាក, រតនគិរី ១៤៧ស្លាក
សៀមរាប ៧៧៥ស្លាក, ព្រះសីហនុ ១៩១ ស្លាក, ស្ទឹងត្រែង ១០៧ស្លាក, ស្វាយរៀង ៦៩៧ស្លាក, តាកែវ ១១៣៩ស្លាក, កែប ៦៥ស្លាក, ប៉ៃលិន ១១៥ស្លាក និងខេត្តត្បូងឃ្មុំ ៦៤៥ស្លាក។
របាយការណ៍បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ការរុះរើ និងទម្លាក់ស្លាក បដារ និងពាក្យស្លោក គណបក្សសង្រ្គោះជាតិ នៅទូទាំងប្រទេស បានចំនួន ១០,៥២៦ស្លាកហើយ។ ជាមួយគ្នានេះ ទាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរ កំពុងតែបន្តអនុវត្តសាលដីកា រំលាយគណបក្សសង្រ្គោះជាតិនៅតាមខេត្តដែលនៅសេសសល់នេះបន្តទៀត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងការអនុវត្តសាលដីការបស់ តុលាការកំពូល ប៉ុន្មានថ្ងៃនេះ បង្ហាញពីភាពវិជ្ជមានច្រើន ហើយអតីតសមាជិកគណបក្សសង្រ្គោះជាតិនៅតាមមូលដ្ឋាន ក៏បានស្ម័គ្រចិត្តទម្លាក់ស្លាករបស់គណបក្សពួកគាត់ ដោយខ្លួនឯងផងដែរ ដោយពុំមានការរារាំងឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដោយសារតែ មានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានហាមឃាត់ដល់ សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងនេះ ចំនួន១១៨រូប មិនឱ្យចូលរួមក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ក្រោយការសម្រេចរបស់តុលាការកំពូលនេះ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះគណបក្សសង្រ្គោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ហើយបានបង្គាប់ឱ្យអាជ្ញាធររាជធានីខេត្តទាំងអស់ ចុះរុះរើ និងទម្លាក់ ស្លាក បដារ និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ ឱ្យអស់នៅទូទាំងប្រទេស៕