(ស្ទឹងត្រែង)៖ តំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាទីកន្លែងកងទ័ពឡាវ ធ្លាប់បានចូលកាន់កាប់ ពេលនេះត្រូវបានកងទ័ពខ្មែរឈរជើងការពារ និងគ្រប់គ្រងយ៉ាងរឹងមាំ។
ដើម្បីការពារបូរណភាពទឹកដីជាពិសេសតំបន់អូរអាឡៃ និងអូរតាង៉ាវនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ ក្រោយកងពលនេះត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ កងទ័ពកម្ពុជាជាច្រើនត្រូវបានយកទៅដាក់ពង្រាយនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ។
លោកឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ក្នុងពេលធ្វើដំណើរចុះត្រួតពិនិត្យពីស្ថានការងារទូទៅ ក៏ដូចជាពិនិត្យតាមអង្គភាពនានា នៅតំបន់អូរអាឡៃ និងអូរតាង៉ាវនេះ បានថ្លែងប្រាប់អង្គភាព Fresh News ថា សភាពការណ៍នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ គឺមានសភាពស្ងប់ស្ងាត់ជាធម្មតា។
លោកមេបញ្ជាការរូបនេះ ក៏បានឲ្យដឹងថា កងទ័ពតាមបណ្តាអង្គភាពនានា ដែលបានទៅឈរជើងនៅនោះ បានហ្វឹកហាត់ពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឲ្យកាន់តែរឹងមាំ៕