(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា បានថ្លែងថា រយៈពេល០៩ខែ ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបានមកទទួលយកសេវាព្យាបាលជំងឺ គ្រប់ប្រភេទមានចំនួន២០៣៦៦នាក់។ លោកវេជ្ជបណ្ឌិតថ្លែងបែបនេះ ក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអញ្ជើញអមដំណើរលោក អេង ហ៊ួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យអាគារមន្ទីរពេទ្យ និងសួរសុខទុក្ខអ្នកជំងឺនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា «អ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា បានអញ្ជើញត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីជាសះស្បើយមានចំនួន៦៨៣៧នាក់ ហើយការព្យាបាលរួមមាន៖ រយៈពេលសម្រាកមធ្យម៥ថ្ងៃ អត្រាប្រើប្រាស់គ្រែ១៤២% ស្ត្រីសម្រាលកូន៧៩០នាក់ ករណីវះកាត់៩៧៥នាក់ ក្នុងនោះវះកាត់ធំសរុប៤៣៦នាក់ ជំងឺផ្លូវចិត្ត និងគ្រឿងញៀន៣០០០នាក់ មានករណីព្យាបាលគ្រៀងញៀន១៦នាក់ ក្រៅពីនោះមានព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម សម្រាលកូន និងជំងឺទូទៅជាច្រើនទៀត»។
លោកបញ្ជាក់ផងដែរថា មន្ទីរពេទ្យ១៦មករា បានទទួលបណ្ណ័សរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថានផងដែរ។
លោក អេង ហ៊ួត បានថ្លែងនូវការកោតសរសើរដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ បានចំនួនយ៉ាងច្រើន និងទទួលបាននូវការជាសះស្បើយ ដែលករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តលើការព្យាបាលរបស់យើង។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការជឿជាក់ ការផ្តល់ទំនុកចិត្តជាកត្តាសំខាន់ណាស់ ដូច្នេះសូមឲ្យបុគ្គលិកសុខាភិបាលយើងទាំងអស់ ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវះ ផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ ត្រូវចាត់ទុកអ្នកជំងឺជាឪពុកម្តាយ បងប្អូនយើង។ បន្ថែមលើសនេះលោករដ្ឋលេខាធិការ បានជំរុញឲ្យមន្ទីរពេទ្យត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាព្យាបាលគ្រឿងញៀនឲ្យមានប្រសិទ្ធិភាពបំផុត។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កន្លែងព្យាបាលគ្រឿងញៀន មន្ទីរសុខាភិបាលខេត្ត នឹងរៀបចំដាក់២កន្លែងទៀត ពោលគឺនៅកំពង់ស្រឡៅ ស្រុកឆែប និងនៅស្រុកជាំក្សាន្ត ដែលសរុបនៅក្នុងខេត្តព្រះវិហារ យើងមានកន្លែងព្យាបាលគ្រឿងញៀនចំនួន៣កន្លែង៕