(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រដ្ឋសភាបានទទួលរួចហើយ នូវលិខិតលាលែងពីតំណែងរបស់សមាជិកគ.ជ.ប៣រូប អតីតកូតាមកពីគណបក្សសង្រ្គោះជាតិ ហើយការរៀបចំជ្រើសតាំង សមាជិក គ.ជ.ប ថ្មី ជំនួសអ្នកលាលែងពីតំណែងនេះឡើងក្រោយតំណាងរាស្រ្តថ្មី នៃគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ ចូលកាន់តំណែងជំនួស អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ។
ការអះអាងរបស់លោក ឡេង ប៉េងឡុង បានធ្វើឡើងបន្ទាប់ពីអនុប្រធាន និងសមាជិក សរុប៣រូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កូតាមកពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួន នៅក្នុងស្ថាប័នគ.ជ.ប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែតុលាការ រំលាយគណបក្សសង្រ្គោះជាតិ ដែលផ្តល់កូតាដល់ពួកគេ។ សមាជិក គ.ជ.ប កូតាគណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិក គ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។
លោក ឡេង ប៉េងឡុង បានបញ្ជាក់បន្ថែមថា រដ្ឋសភា នឹងបើកកិច្ចប្រជុំក្នុងពេលឆាប់ៗ ដើម្បីពិភាក្សាពាក់ព័ន្ធនឹង ការលាលែង រួមទាំងការជ្រើសតាំងសមាជិកថ្មីរបស់ គ.ជ.ប ជំនួសអ្នកដែលបានលាលែងពីតំណែង។ លោកអគ្គលេខាធិការ បានបញ្ជាក់ទៀតថា បើផ្អែកតាមច្បាប់ សមាជិកគជប ត្រូវជ្រើសតាំងដោយគណបក្សកាន់កាប់រដ្ឋាភិបាល និងគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភាដែលមិនបានកាន់កាប់រដ្ឋាភិបាល ដូច្នេះចំពោះការជ្រើសរើស សមាជិកថ្មីរបស់គ.ជ.ប ជំនួសអ្នកទាំង៣ នឹងអាចធ្វើឡើង ក្រោយពេលតំណាងរាស្រ្ត គណបក្សដែលនឹងទទួលបានអសនៈ នៅក្នុងរដ្ឋសភាជំនួស គណបក្សសង្រ្គោះជាតិទាំងអស់ចូលកាន់តំណែង។
សូមបញ្ជាក់ថា នៅពេលនេះ គ.ជ.ប កំពុងរៀបចំនីតិវិធី ក្នុងការបែងចែកអសនៈជូនគណបក្សចំនួន៦ ដែលបានចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ ដើម្បីជំនួសអាសនៈដែលនៅទំនេរ ក្រោយពេលតុលាការរំលាយ គណបក្សសង្រ្គោះជាតិ។ គ.ជ.ប ក៏ទុកពេលឱ្យ គណបក្សទាំងនោះ៥ថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបេក្ខជន តំណាងរាស្រ្តរបស់ខ្លួនផងដែរ៕