(ស្វាយរៀង)៖ តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត ដែលមានរោងចក្រចំនួន២៦ កំពុងដំណើរការ និងមានកម្មករ-កម្មការិនី ប្រមាណជិត៣ម៉ឺននាក់ កំពុងបំរើការងារនៅក្នុងតំបន់នេះ គឺមានបរិស្ថានល្អ ខណៈដែលមានអាងចំរោះប្រព្រឹត្តកម្ម សំអាតទឹកកខ្វក់ និងកាកសំណល់រឹង មានក្រុមហ៊ុនមួយជាអ្នកប្រមូលសំរាម។ នេះបើយោងតាម បុគ្គលិកនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនោះ បានថ្លែងប្រាប់ Fresh News នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
បុគ្គលិករូបនេះ បានឲ្យដឹងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត ដោយមានការចិត្តទុកដាក់ពីថ្នាក់នាំ តំបន់បានគិតគួរដល់សុខមាលភាពកម្មករ-កម្មការិនី ជាចម្បងនោះ ម្ចាស់តំបន់បានរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការពារសន្តិសុខសុវត្ថិភាពដល់កម្មករបានល្អប្រសើរ។
លោកបន្ដថា ជាពិសេសនោះ ដោយមានការណែនាំពីក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី តំបន់បានខិតខំប្រឹងប្រែង គិតគូរបំពីបរិស្ថានយ៉ាងខ្លាំង បានបង្កើតឲ្យមានអាងចំរោះ ប្រព្រឹត្តកម្ម សំអាតទឹក កខ្វក់ ដែលចំណាយថវិការអស់ជាច្រើន ការកសាងសមទ្ធិផលទាំងអស់នេះ គឺតំបន់មានឆន្ទះខ្ពស់គោរព ទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ក៏ជាអាជ្ញាធរដែនដីផងដែរ។
ហើយបើតាមការបញ្ជាក់ពីបុគ្គលិករូបនេះ បានបន្តទៀតថា នៅតាមតំបន់រោងចក្រនៅទូទាំងខេត្តស្វាយរៀង មានតែក្នុងតំបន់សេដ្ឋកិច្ចមេនហាតធេនតែមួយប៉ុណ្ណោះ ដែលមានអាងចំរោះប្រព្រឹត្តកម្មទឹកកខ្វក់នេះ។
ដោយឡែកចំពោះកាកសំណល់រឹងវិញ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនហាយព្រីដ ដើម្បីប្រមូលសំរាមមិនដែលកកស្ទះនោះទេ គឺធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ ដល់សុខភាពកម្មករនោះឡើយ៕