(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការបញ្ជាផ្ទាល់ពីលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានចាប់ឃាត់ត្រាក់ទ័រដឹកឈើប្រភេទតាត្រាវ ដែលជាប្រភេទឈើកម្រ ច្បាប់បានហាមឃាត់យ៉ាងតឹងរឹង នៅបណ្តោយផ្លូវក្រាលគ្រោះក្រហមស្ថិតនៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចចំរុះបានរឹបអូសយកមករក្សាទុក និងធ្វើការវាស់វែងនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ហើយក៏បានឃាត់ខ្លួនតៃកុងម្នាក់ឈ្មោះ សាំង ប៉ែត ទីលំភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំម្នាក់ផងដែរ។
លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា វត្ថុតាងដែលរឹបអូសបានជាប្រភេទឈើតាត្រាវ មានចំនួន១២ដុំស្មើ២.៩៥៥ម៉ែតគូប។
នៅព្រឹកថ្ងៃដដែលនេះដែរ កម្លាំងអាវុធហត្ថស្រុកបារាយណ៍ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ បានដេញចាប់រថយន្តកាមរីគូច ហើមពណ៌ស្លែរ១គ្រឿង ស្លាកលេខកណ្តាល 2A-2678 ដឹកឈើ ប្រណិតប្រភេទឈើធ្នង់ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចទល់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ ក្នុងនោះរឹបអូសរថយន្ត និងឈើប្រណិតប្រភេទធ្នង់ចំនួន១០ដុំធំតូច ហើយឃាត់ខ្លួនមនុស្ស២នាក់ បញ្ជួនមកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដែលទី១ឈ្មោះ ចាន់ សំអុល អាយុ៣២ឆ្នាំ និងទី២ឈ្មោះ អ៊ឹម សារិទ្ធ អាយុ២៧ឆ្នាំ អ្នកទាំងពីរមានទីនៅភូមិ វាអំពុក ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕