(ភ្នំពេញ)៖ រោងចក្រធំៗចំនួន៣ទៀត រួមមានរោងចក្រដំឡើងគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញផងនោះ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងក្រុងព្រះសីហនុ ជាមួយទុនវិនិយោគសរុបជាង ៧លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
រោងចក្រទាំង៣នេះ បង្កើតការងារជូនប្រជាពលរដ្ឋជាង ៧០០កន្លែង។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរនៅថ្ងៃនេះរួមមាន៖
១៖ ក្រុមហ៊ុន «YNX Manufacturing Technologies Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញ ម៉ាស៊ីនខ្យល់និងម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ។ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥នាក់។
២៖ ក្រុមហ៊ុន «Jianpan (Cambodia) Matelwork Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតស្មាអាវ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨នាក់។
៣៖ ក្រុមហ៊ុន «Wan Jia Hao Knitting Co., Ltd.» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២,១៤១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥នាក់៕