(ភ្នំពេញ)៖ អនុប្រធាន និងសមាជិក សរុប៣រូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កូតាមកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួននៅក្នុងស្ថាប័នមួយនេះ។ នេះបើយោងតាម លិខិតសុំលាលែងរបស់ពួកគេទាំង៣នាក់ ដែលបានដាក់ចូលទៅរដ្ឋសភា នៅថ្ងៃនេះតែម្ដង ដែលបណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច។
សមាជិកគ.ជ.ប កូតាគណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។ ការលាលែងនេះ បានកើតឡើងក្រោយពីតុលាការកំពូល នៃប្រទេសកម្ពុជា សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ។
ទោះជាយ៉ាងណា លោក ហ៊ីង ធីឫទ្ធិ សមាជិកគ.ជ.ប កូតារបស់អតីតគណបក្សសង្រ្គោះជាតិដែរនោះ បានប្រកាសថា លោកមិនលាលែងពីតំណែង របស់លោកឡើយ។ លោកបានថ្លែងបញ្ជាក់តាមលិខិតរបស់លោកថា គ.ជ.ប ជាស្ថាប័នឯករាជ្យ ហើយលោកនឹងបម្រើស្ថាប័ននេះតទៅមុខទៀត។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រដ្ឋសភាបានទទួលរួចហើយ នូវលិខិតលាលែងពីតំណែងរបស់សមាជិកគ.ជ.បទាំង៣រូបនេះ។ លោកបានបន្តថា រដ្ឋសភា នឹងបើកកិច្ចប្រជុំក្នុងពេលឆាប់ៗ ដើម្បីពិភាក្សាពាក់ព័ន្ធនឹង ការលាលែង រួមទាំងការជ្រើសតាំងសមាជិកថ្មីរបស់គ.ជ.បជំនួសអ្នកដែលបានលាលែងពីតំណែង។
លោកអគ្គលេខាធិការ បានបញ្ជាក់ទៀតថា បើផ្អែកតាមច្បាប់ សមាជិកគជប ត្រូវជ្រើសតាំងដោយគណបក្សកាន់កាប់រដ្ឋាភិបាល និងគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភាដែលមិនបានកាន់កាប់រដ្ឋាភិបាល ដូច្នេះចំពោះការជ្រើសរើស សមាជិកថ្មីរបស់គ.ជ.ប ជំនួសអ្នកទាំង៣ នឹងអាចធ្វើឡើង ក្រោយពេលតំណាងរាស្រ្តគណបក្សដែលនឹងទទួលបានអសនៈនៅក្នុងរដ្ឋសភាជំនួសគណបក្សសង្រ្គោះជាតិទាំងអស់ចូលកាន់តំណែង។
សូមបញ្ជាក់ថា នៅពេលនេះ គ.ជ.ប កំពុងរៀបចំនីតិវិធី ក្នុងការបែងចែកអសនៈជូនគណបក្សចំនួន៦ ដែលបានចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ ដើម្បីជំនួសអាសនៈដែលនៅទំនេរ ក្រោយពេលតុលាការរំលាយ គណបក្សសង្រ្គោះជាតិ។ គ.ជ.ប ក៏ទុកពេលឱ្យ គណបក្សទាំងនោះ៥ថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាព បញ្ជីបេក្ខជនតំណាងរាស្រ្តរបស់ខ្លួនផងដែរ៕