(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាច​ ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះថា បញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត និងឯកសារផ្សេងៗរបស់គណបក្សហ្វ៊ុនសិនប៉ិច ត្រូវបានផ្ញើជូនដល់ គ.ជ.ប រួចរាល់ហើយ។ ជាមួយគ្នានេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ត្រៀមខ្លួនរួចហើយដែរ ដើម្បីទទួលយកអាសនៈដែលទំនេរនៅរដ្ឋសភា។

ការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧ បានផ្ញើលិខិតជូនគណបក្សចំនួន៦ ដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅ ឱ្យរៀបចំធ្វើបច្ចុប្បន្នភាព នៃបេក្ខជនរបស់ខ្លួន ដើម្បីទទួលយក អសនៈ នៅក្នុងរដ្ឋសភា ដែលនៅទំនេរ ក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ។

ទោះបីយ៉ាងណា​នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីប្រកាសថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ទទួលយកអសនៈ ក្នុងរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា គ.ជ.ប បានទុកពេលចំនួន៥ថ្ងៃ ឱ្យគណបក្សទាំងនោះ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបេក្ខជន តំណាងរាស្រ្តរបស់ខ្លួន ហើយឆ្លើយតបមកកាន់ គ.ជ.ប វិញ។ បើសិនជាក្នុងអំឡុងពេល៥ថ្ងៃ គណបក្សពុំបានឆ្លើយតបទេ មានន័យថា គណបក្សនោះយល់ព្រមដាក់បេក្ខជនចាស់ដដែល ដូចការបោះឆ្នោតឆ្នាំ២០១៣។

តាមការបង្ហាញរបស់ គ.ជ.ប មានគណបក្សចំនួន៦ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ អាចនឹងទទួលបាន អាសនៈរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ក្នុងនោះរួមមាន៖

១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤៖ គណបក្សខ្មែរឈប់ក្រ
៥៖ គណបក្សសញ្ជាតិកម្ពុជា
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕