(ភ្នំពេញ)៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសបដិសេធ មិនទទួលយកអាសនៈទំនេរណាមួយនៅក្នុងរដ្ឋសភា ដែលផ្តល់ដោយ គ.ជ.ប ក្រោយរំលាយ គណបក្សសង្រ្គោះជាតិនោះឡើយ។ នេះបើតាមលិខិតរបស់គណបក្ស LDP ផ្ញើទៅកាន់ គ.ជ.ប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លិខិតបដិសេធរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានប្រកាសឱ្យគណបក្សនយោបាយចំនួន៦ ដែលនឹងត្រូវទទួលយកអាសនៈ ក្នុងរដ្ឋសភា ធ្វើបច្ចុប្បន្នភាពបេក្ខជន ដើម្បីទទួលយកអសនៈរដ្ឋសភា ដែលនៅទំនេរ ក្រោយតុលាការកំពូល កាត់ទោសរំលាយគណបក្ស សង្រ្គោះជាតិ។
លិខិតរបស់គណបក្សសម្ព័ន្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លើយតបនឹងបញ្ហាខាងលើនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមបញ្ជាក់ចំពោះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតថា គណបក្សនឹងមិនទទួលយកអាសនៈណាមួយ ដែលផ្តល់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ»។ ទោះជាយ៉ាងណាមូលហេតុនៃការបដិសេធ មិនទទួលយកអាសនៈទំនេរណាមួយនៅក្នុងរដ្ឋសភា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនត្រូវបានបញ្ជាក់នៅក្នុងលិខិតនោះនៅឡើយ។
ទោះបីយ៉ាងណានៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីប្រកាសថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ទទួលយកអសនៈ ក្នុងរដ្ឋសភា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។
ក្នុងលិខិតរបស់ គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ថា គណបក្សសញ្ជាតិកម្ពុជា បានទទួលសេចក្តីជូនដំណឹងរបស់ គ.ជ.ប ហើយ កាលពីម្សិលមិញ។ គណបក្សសញ្ជាតិកម្ពុជា ត្រៀមទទួលយកអាសនៈទំនេរនេះ ស្របទៅតាច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបម្រើជាតិមាតុភូមិ ហើយកំពុងរៀបចំឯកសារដាក់ជូនទៅ គ.ជ.ប វិញ។
សូមបញ្ជាក់ថា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ អាសនៈចំនួន៥៥ របស់គណបក្សនេះ នឹងត្រូវបែងចែកទៅឱ្យ គណបក្សចំនួន៦ ដែលចូលរួមក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ក្នុងនោះរួមមាន៖
១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤៖ គណបក្សខ្មែរឈប់ក្រ
៥៖ គណបក្សសញ្ជាតិកម្ពុជា
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕