(ភ្នំពេញ)៖ លោក សោម សូរីដា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គ.ជ.ប មិនទាន់បានទទួលលិខិតណាមួយ ពាក់ព័ន្ធនឹងការលាលែងពីតំណែងរបស់ សមាជិកគ.ជ.ប ដូចពាក្យចរាចអារ៉ាម និងបណ្តាញផ្សព្វផ្សាយនៅឡើយទេ។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយថា សមាជិកគ.ជ.បមួយចំនួនកូតាខាងអតីតគណបក្សសង្រ្គោះជាតិ មានបំណងចង់លាលែងពីតំណែង ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។
លោក សោម សូរីដា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ទោះជាមានព័ត៌មានបែបនោះក្តី ក៏រហូតដល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបានដំណឹងអំពីការលាលែងរបស់សមាជិកណាម្នាក់នៅឡើយទេ។ លោកបានបន្តទៀតថា ទោះបីជាមានការលាលែងមែន ក៏មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតដែរ ដោយសារតែក្រោយពេលលាលែងនេះ គ.ជ.ប នឹងស្នើលិខិតទៅរដ្ឋសភា ធ្វើការសម្រេចជ្រើសរើស សមាជិកថ្មី ជំនួសអ្នកដែលត្រូវលាលែង ហើយដំណើរការនេះ អាចធ្វើឡើងក្នុងអំឡុងពេល ២ទៅ៥ថ្ងៃប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រោយពេលរំលាយគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ លោក រ៉ុង ឈុន សមាជិក គ.ជ.ប១រូប កូតារបស់ អតីតគណបក្សសង្រ្គោះជាតិ បានអះអាងប្រាប់សារព័ត៌មាននានាថា លោកនឹងលាឈប់ពីតំណែង នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ហ៊ីង ធីឫទ្ធិ សមាជិកគ.ជ.ប កូតារបស់អតីតគណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបដិសេធ ទាំងស្រុង នូវរាល់ពាក្យចចាមអារាម ដែលថារូបលោកលាឈប់ពីសមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ លោកអះអាងថា លោកនឹងបន្តធ្វើការងារជាមួយគ.ជ.ប ដែលជាស្ថាប័នឯករាជ្យ។
សូមរំលឹកថា គ.ជ.ប ថ្មី មានសមាសភាព៩រូប ក្នុងនោះ៤រូប ត្រូវបានជ្រើសរើសដោយ គណបក្សប្រជាជនកម្ពុជា ៤រូប ត្រូវបានជ្រើសរើសដោយ អតីតគណបក្សសង្រ្គោះជាតិ និង១រូប ត្រូវបានជ្រើសរើសចេញពីអង្គការសង្គមស៊ីវិល ដែលធ្វើការសម្រេចដោយគណបក្សទាំងពីរ៕