(ភ្នំពេញ)៖ កម្មវិធីប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់ ២០១៧ នៅថ្ងៃទី១៩ ខែវិច្ឆិកា បានធ្វើពិធីបើកជាផ្លូវការនៅ កីឡាដ្ឋានខេត្តកំពត។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរទមនាគមន៍ ដែលមានភាគហ៊ុនរបស់ខ្មែរ ១០០%។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង សែលកាត បានចុះកុងត្រា ចាប់ដៃគូសហការ លើគម្រោងនេះ ចាប់តាំងពីខែឧសភា ដើម្បីផ្សព្វផ្សាយពីកីឡា ផ្តល់ការហ្វឹកហ្វឺនបាល់ទាត់ ការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងការស្វែងរកតារាបាល់ទាត់ជំនាន់ថ្មីសម្រាប់ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខនេះ។
កាលពីពេលថ្មីៗ យើងបានហ្វឹកហ្វឺនកីឡាករដែលមក ពីសាលា ១២ខេត្តផ្សេងៗគ្នា ឥលូវនេះ ដល់ពេលដែលពួកគេបញ្ចេញសមត្ថភាព ក្នុងការប្រកួតនេះដើម្បីស្វែងរកជើងឯក។
កម្មវិធីនេះកាន់តែរំជើបរំជួលជាមួយការប្រគំតន្រ្តី និងសកម្មភាពសប្បាយៗជាច្រើន។
កម្មវិធីមានការចូលរួម ពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន លោកនាយឧត្តមសេនីយ៍ សៅ សុខា លោក Laszlo Barta នាយកផ្នែកការងារសាធារណៈ និងឯកអគ្គរដ្ឋទូតសុឆន្ទះរបស់សែលកាត ក្រុម Polarix ដែលនឹងទៅអង្រូនកម្មវិធីបើកនេះជាមួយ និងការសម្តែងរបស់ពួកគេ ជាពិសេសបទ #LightUpKH។
ក្រុមចំនួន ៣២ក្រុម ដែលមកពី ២៥ខេត្តក្រុង នឹងចូលរួមការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៤ឆ្នាំ និងឆ្នាំនេះ ដែលសរុបមាន២១ប្រកួត ចាប់ពីខែវិច្ឆិកា រហូតដល់ខែ មីនា ២០១៨។
លោក Laszlo Barta បានលើកឡើងថា «យើងពិតជារីករាយ ដែលបានក្លាយជាដៃគូឧបត្ថម្ភក្នុងកម្មវិធីនេះ ដែលជាឱកាសឲ្យយើងអាចកាន់តែខិតទៅជិតអតិថិជនគោលដៅរបស់យើង ផ្សព្វផ្សាយពីកីឡា និងជាប្រយោជន៍ដល់យុវជនយើង។ យើងសង្ឃឹមថា ការចាប់ដៃគូនេះអាចធ្វើឲ្យយុវជនកម្ពុជាបង្ហាញពីសមត្ថភាពរបស់ពួកក្នុងការលេងបាល់ទាត់ និងទាក់ទាញការចាប់អារម្មណ៍លើវិស័យកីឡារបស់ពួកគេ។ មិនតែប៉ុណ្ណោះ យើងសង្ឃឹមថា យុវជនរបស់យើង អាចពង្រឹងសមត្ថភាពមិនចាញ់ប្រទេសជិតខាង សម្រាប់ការចូលរួមកីឡាស៊ីហ្គេមនាពេលខាងមុខ»។
គួរបញ្ជាក់ផងដែរថា ការចាប់ដៃគូសហការលើគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ឆ្នាំ 2017 នេះ គឺជាគម្រោងដំបូងដ៍សំខាន់នៃទំនួលខុសត្រូវសង្គមរបស់យើង (CSR) ដែលយើងមានគោលបំណងលើកស្ទួយការរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈ ការអប់រំ សុខភាព និងលំនៅស្ថាន។
អ្នកអាចតាមដានកាលវិភាគនៃការប្រកួត និងលទ្ធផលលើទំព័រ Facebook របស់សែលកាត៕