(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានវិទ្យុទាក់ទង និងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងសម្ភារៈមួយចំនួនទៀត ដែលរំខានកិច្ចការសមត្ថកិច្ចតាមវិទ្យុទាក់ទង និងលួចកៀបលេខវិទ្យុទាក់ទង ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងខ្លាំង ខណៈជនសង្ស័យនេះត្រូវបានតាមដានអស់រយៈពេលពីរឆ្នាំមកហើយនោះ។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ ឈ្មោះ ហុត ផាននិត អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៧G ផ្លូវ១៤K ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជាប់ចោទពីបទលួចតាមបច្ចេកវិទ្យាទូរគមនាគមន៍។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងថា ជនសង្ស័យនេះ បានលួចកៀបលេខវិទ្យុទាក់ និងលក់នូវវិទ្យុទាក់ទង ដែលគ្មានច្បាប់អនុញ្ញាត ជាពិសេសជនសង្ស័យរូបនេះ ក៏បានធ្វើសកម្មភាពរំខានសម្លេងផ្សេងៗ ដល់សម្ថកិច្ចជាច្រើនផងដែរ តាមរយៈវិទ្យុ។
លោកឧត្តមសេនីយ៍ឯកប្រធាន បានបន្តថា ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចនិយ័តកម្មវិទ្យុទាក់ទង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការតាមដានមុខរកសញ្ញា និងទីតាំងអស់រយៈពេលពីរឆ្នាំមកហើយទើបធ្វើការឃាត់ខ្លួនបាន ដោយជនសង្ស័យបានលួចកកៀបលេខជាន់គ្នាជាច្រើន រួមទាំងរឹបអូសនូវសម្ភារៈមួយចំនួន ដែលជនសង្ស័យប្រើប្រាស់ផងដែរ។
បើតាមលោកឧត្តមសេនីយ៍ឯក មិន សុវណ្ណា នាពេលកន្លងទៅសមត្ថកិច្ចមានការរំខានជាច្រើនដង ដោយជនសង្ស័យបានធ្វើសម្លេងសត្វតាមរយៈវិទ្យុទាក់ទង ខណៈពេលដែលសមត្ថកិច្ចធ្វើការតាមដានមុខសញ្ញាចោរលួច ឆក់ ជាដើមនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននូវជនសង្ស័យរូបនេះ ដែលជាមេខ្លោងរួមទាំងនឹងតាមដានស្រាវជ្រាវជនសង្ស័យដែលពាក់ព័ន្ធផ្សេងទៀតផងដែរ។
ជាមួយគ្នានោះ លោក លឹម វុទ្ធី ប្រធាននាយកដ្ឋាននិយ័តកម្មហ្រ្វេកង់វិទ្យុទាក់ទង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បើតាមច្បាប់នៅប្រទេសកម្ពុជា តាមមាត្រា៨៤ ជនណាដែលលួចប្រើប្រាស់នូវវិទ្យុទាក់ទង និងហ្វ្រេកង់គ្មានច្បាប់អនុញ្ញាត ជននោះនឹងត្រូវជាប់ពន្ធនាគារ រយៈពេល១ឆ្នាំទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន២លាន ទៅ១០លានរៀល។ ប៉ុន្តែសម្រាប់ជនសង្ស័យខាងលើនេះ អាចនឹងជាប់ពន្ធនាគារយូរជាងនេះ ដោយសារតែជននេះមានការរំខានដល់កិច្ចការសមត្ថកិច្ច និងលួចកៀបលេខវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិនោះ។
យ៉ាងណាក៏ដោយជនសង្ស័យនាពេលនេះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ រៀបចំកសាងសំណុំឯកសារ ដើម្បីឲ្យតុលាការកាត់ទោសទៅតាមច្បាប់ជាធរមាន៕