(ព្រះវិហារ)៖ លោកស្រី មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គ្រួសារសុខសាន្តគឺអាស្រ័យលើស្ថានភាពនយោបាយ និងអាស្រ័យលើថ្នាក់ដឹកនាំប្រទេស ដ៏ប៉ិនប្រសព្វ គឺសម្តេចតេជោ ហ៊ុន សែន។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំពិគ្រោះយោបល់លើ ពង្រាងបច្ចុប្បន្នភាពផែនការយុទ្ថសាស្ត្របញ្ជ្រាបយេនឌរ័ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តព្រះវិហារ។
លោកស្រីមឹន មាណាវី បានបន្តថា នយោបាយរបស់ប្រទេសជាតិមានសារសំខាន់ណាស់ ដែលយើងទាំងអស់គ្នាត្រូវយល់ មិនមែនថា គ្រួសារយើងបានសុខសាន្តហើយ យើងមិនបាច់ខ្វល់ យើងមិនបាច់ចង់ដឹងពីនយោបាយនោះទេ ព្រោះបើប្រទេសជាតិរបស់យើង មានអស្ថេរភាពនយោបាយតើគ្រួសារយើងរស់នៅបានសុខសាន្តទេ ម្យាងទៀតបើថ្នាក់ដឹកនាំរបស់ប្រទេសយើង មិនគិតគូរពីសេចក្តីសុខក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ តើយើងអាចរស់នៅបានសុខសាន្តទេ ដូច្នេះបញ្ហានយោបាយរបស់ប្រទេសជាតិយើងទាំងអស់គ្នា ត្រូវដឹងត្រូវយល់អោយបានគ្រប់ៗគ្នា មិនមែនរឿងនយោបាយប្រទេសជាតិទុកឲ្យអ្នកនយោបាយជាអ្នកដោះស្រាយនោះទេ។
ជាក់ស្តែងលោក សម រង្សី ដែលជាអតីតប្រធានគណបក្សប្រឆាំងនៅប្រទេសយើង គាត់បានជំរុញឲ្យបរទេសបង្វែរចុងកាណុងមកប្រទេសកម្ពុជា តើយើងព្រមទេ នេះមិនបានន័យថា លោក សម រង្សី មានគំនិតចង់បង្កើតសង្គ្រាមក្នុងប្រទេស ហើយចុះបើប្រទេសមានសង្គ្រាមមែនតើយើងព្រមទេ ហើយមេដឹកនាំដូចលោក សម រង្សី តើយើងអាចទទួលយកបានទេ។
លោកស្រីរដ្ឋលេខាធិការ បានបន្តថា ទាក់ទងនិងយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌរ័ឆ្នាំ២០១៦-២០២០ ដើម្បីអនុវត្តន៍ទិសដៅបង្កៀនចំនួនស្រ្តីអោយបានចំនួនច្រើន ក្នុងតួនាទីថ្វើសេចក្តីសម្រេចចិត្ត ក្នុងវិសយ័សាធារណការ និងដឹកជញ្ជូនឲ្យទទួលបានជោគជយ័ ចាំបាច់ត្រូវពិនិត្យកែសម្រួលយុទ្ធសាស្ត្រ ដែលមានក្នុងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដែលមានរួចដើម្បីបង្កើន និងពង្រឹងសមត្ថភាព និងលទ្ធភាព ធ្វើសកម្មភាពឆ្ពោះទៅកាន់គោលដៅចោគជយ័ជាក់លាក់ដែលមានសូចនាករ ដើម្បីផ្ទៀងផ្ទាត់ថា តើសកម្មភាពនៃយុទ្ធសាស្ត្រ នោះត្រូវបានអនុវត្តន៍ក្នុងកម្រិតណា អាចនិងសម្រេចបានជោគជ័យ តាមការកំណត់បានឫទេ ដើម្បីជម្រុញលើកកម្ពស់តួនាទីនៃការចូលរួមរបស់ស្ត្រីនៅវិសយ័សាធារណការ និងដឹកជញ្ជូន ពិសេសដើម្បីការពារធានាឲ្យបានថា ស្ត្រីទូទាំងប្រទេស និយាយដោយឡែកស្ត្រីនៅតាមជនបទ និងតំបន់ដាច់ស្រយាលបានទទួលផលប្រយោជន៍ពីវិស័យនេះ ដោយពុំមានការរើសអើង និងប្រកបដោយការលើកទឹកចិត្តតាមគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ កាត់បន្ថយគម្លាតយេនឌ័រក្នុងរចនាសម្បន្ធ័ក្រសួង បង្កើនសមាមាត្រនារីតាមរយៈការជ្រើសរើសបុគ្គលិកថ្មី បង្កើនការចូលរួមរបស់នារីតាមរយៈការផ្តល់អាទិភាពដល់នារីក្នុងកសរតម្លើងឋានៈ បង្កើនសមាមាត្រនារីក្នុងតួនាទីធ្វើសេចក្តីសម្រេច តាមរយៈការពង្រឹងសមត្ថភាពលើជំនាញ យេនឌរ័និងជំនាញបច្ចេកទេសជាដើម។
ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជម្រុញឲ្យស្ត្រីមានតួនាទីសំខាន់ៗជាច្រើន នៅតាមការិយាល័យនានា ពិសេសគឺផ្តោតទៅលើសមត្ថភាពតែម្តង។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះមានមន្ទីរសាធារណការ និងដឹកជញ្ជូនតាមខេត្តចំនួន៧ចូលរួម រួមមាន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ឧត្តរមានជយ័ បន្ទាយមានជ័យ និងបាត់ដំបង៕