(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ប្រធានកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ រួមនិងមន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារចំនួន៥ រួមមានផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប៊ុន ចំរើន ប្រធានកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួន១០៤គំរូ ដូចជា៖ បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើ មួយចំនួនទៀត មកពិសោធន៍ភ្លាមៗរបស់រថយន្តចល័ត។
ក្នុងប្រតិបត្តិការនេះ លោក ប៊ុន ចំរើន បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង១០៤គំរូនោះ រកមិនឃើញផលិតផលណាមួយមានធាតុគីមីហាមឃាត់នោះទេ ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនូវទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារ ហាង និងម៉ាតនានាក្នុងរាជធានីភ្នំពេញ រកសារធាតុគីមីដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។
បើតាមលោក ប៊ុន ចំរើន បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារតាមម៉ាតរបស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់៕