(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ យើងអាចសង្កេតឃើញថា មានមនុស្សមួយចំនួនបានរងនូវផលប៉ះពាល់ទាំងធ្ងន់ ទាំងស្រាល ដោយសារតែ ការលាបផលិតផលឡេលាយ។ ផលិតផលឡេលាយទាំងនោះ មានដាក់លក់ស្ទើរតែនៅគ្រប់ទីកន្លែងក្នុងទីផ្សារប្រទេសកម្ពុជា ជាពិសេស នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង ផលិតផលឡេលាយជាច្រើន ដែលសុទ្ធសឹងតែ ត្រូវបានអ្នកលក់អះអាងថា ពេលលាបនៅលើស្បែក ទៅនឹងឆាប់សក្នុងរយៈពេលដ៏ខ្លី ក៏ប៉ុន្តែឡេលាយទាំងអស់នោះ គេមិនដឹងថាតើត្រូវបានគេលាយយ៉ាងដូចម្តេច និងមានប្រភមកពីណាពិតប្រាកដនោះទេ។
តាមគ្រូពេទ្យឯកទេសជំនាញរោគសើស្បែកបានបញ្ជាក់ប្រាប់បណ្តាសារព័ត៌មានឲ្យដឹងថា ឡេលាយ ផ្សំឡើងពីសារជាតិអាស៊ីតខ្លាំង និងវត្ថុធាតុគីមីមួយចំនួន ដែលនឹងនាំឲ្យស្បែកឆាប់សតែស្បែកនោះនឹងខូចទៅវិញ ហើយនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ នាពេលខាងមុខ។ ឡេលាយលាបស្បែក អាចធ្វើឲ្យស្បែករបស់អ្នកឡើងកន្ទួលក្រហម រមាស់ រលាក ហើយប្រសិនបើស្បែករបស់អ្នកឆាប់មានប្រតិកម្ម អ្នកនឹងអាចរងផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
អ្នកជំនាញបានបន្តថា សារធាតុ ដែលមាននៅក្នុងឡេលាយបង្កឱ្យមានបញ្ហាប្រតិកម្មលើស្បែក ដូចជាបណ្ដាលឱ្យកើតជារមាស់កន្ទួល ឬខូចស្បែក។ អ្នកខ្លះមានបញ្ហារមាស់ដល់ថ្នាក់អេះចេញឈាម និងឡើងកន្ទួលធំៗ ដែលឡេលាយអាចជ្រាបចូលដល់កោសិកាខាងក្នុង ប៉ះទង្គិចដល់សុខភាពស្បែក និងសុខភាពរាងកាយ។ ដូច្នេះ អ្នកគួរប្រើផលិតផលដែលមានគុណភាពល្អ និងចុះបញ្ជីការត្រឹមត្រូវទទួលស្គាល់ដោយក្រសួងសុខាភិបាល ។
បើតាមការលើកឡើងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សព្វថ្ងៃនេះពពួកឡេលាយទាំងនោះមិនត្រូវបានផលិតតាមក្បួនខ្នាតត្រឹមត្រូវនោះទេ។ វាគឺជាការច្នៃដោយអ្នកលក់ផ្ទាល់ ច្នៃដោយអ្នកលាយម្សៅ អ្នកលក់គ្រឿងសម្អាង ឬក៏អ្នកដែលផលិតផលិតផលក្លែងក្លាយ ដោយគាត់ធ្វើម៉េច ឲ្យឃើញសលឿន ប៉ុន្តែគាត់មិនបានគិតពីផលវិបាករបស់អ្នកប្រើប្រាស់នោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការប្រើឡេលាយលាបស្បែក ដោយថា «មិនដែលណាទៅលាបឡេភ្លាម សភ្លាម មើលតែដាក់ទឹកក្តៅកោសជ្រូកចឹង យូរៗទៅខ្ទេចខ្ទីអស់ហើយ។ សបានមួយភ្លែតហ្នឹង អាស៊ីត ហើយដាក់វត្ថុសម្រាប់ធ្វើឲ្យស្បែកស មួយភ្លែតទៅវាពុល ធ្វើឲ្យរលាកស្បែកថ្ងៃក្រោយទៅ»។
បច្ចុប្បន្នក្រសួងកំពុងបន្តយុទ្ធនាការបង្ក្រាបជារៀងរាល់ថ្ងៃចំពោះចរាចរណ៍ឡេលាយសម្រាប់លាបស្បែកឲ្យស និងរៀបចំប្រព័ន្ធចុះបញ្ជីការ តាមអនឡាញដើម្បីកំណត់ពីប្រភពនាំចូលឡេលាបស្បែកត្រឹមត្រូវផងដែរ។
អ្នកជំនាញបានអំពាវនាវ ឱ្យមិត្តៗនារីដែលចង់ប្រើប្រាស់ឡេដើម្បីជួយដល់សុខភាពស្បែក សូមជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា ឈ្មោះផលិតផល និងប្រភពផលិតច្បាស់លាស់ ព្រមទាំងមានការទទួលពិនិត្យសារធាតុផ្សំត្រឹមត្រូវពីក្រសួងសុខភិបាល ដើម្បីចៀសផុតពីបញ្ហាទាំងឡាយ ដូចដែលអ្នកជំនាញបានលើកឡើង៕