(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីសម្រេច ស្ដីពីដាក់ឱ្យប្រើប្រាស់បទបញ្ជា និងនីតិវិធី សម្រាប់ការអនុវត្តមាត្រា ១៣៨ស្ទួន នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់អនុវត្តការងារពាក់ព័ន្ធនឹងការបែងចែកអាសនៈដែលនៅទំនេរ។
គ.ជ.ប បានឲ្យដឹងថា ការចេញសេចក្ដីសម្រេចខាងលើនេះ គឺដើម្បីរៀបចំបែងចែកអាសនៈដែលនៅទំនេរ ក្នុងករណីមានគណបក្សនយោបាយណាមួយ ប្រកាសបោះបង់អាសនៈរបស់ខ្លួន ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀត។
គ.ជ.ប បានបន្តថា ការបែងចែកអាសនៈនេះ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីទទួលបានលិខិត ជូនដំណឹងផ្លូវការពីរដ្ឋសភា ឬ/និង ក្រសួងមហាផ្ទៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្តទាំង២៥ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះ ចេញពីគណបក្សនយោបាយ ឬដែលត្រូវរំលាយស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ និងគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ដែលដឹកនាំរាជរដ្ឋាភិបាលឡើយ។
សូមជម្រាបថា ការចេញសេចក្ដីសម្រេចរបស់ គ.ជ.ប នាពេលនេះ ធ្វើឡើងក្រោយពេលតុលាការកំពូលចេញសាលដីកា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨រូប មិនឲ្យធ្វើនយោបាយក្នុង ប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសឃុបឃិតជាមួយបរទេសក្បត់ជាតិខ្លួនឯង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ចំពោះអាសនៈតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ដែលនៅទំនេរក្នុងរដ្ឋសភានោះ មានចំនួន៥៥អាសនៈ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលត្រូវបានគេស្គាល់ថា ជាស្ថាប័នឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព៖