(បាត់ដំបង)៖ កីឡាការិនីបាល់ទាត់នារីខ្សោយសតិបញ្ញា៨រូប Special Olympics ប្រចាំខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស១គ្រឿង ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ក្របខណ្ឌអាស៊ានដែលមានប្រទេស ថៃធ្វើម្ចាស់ផ្ទះ ក្រោមការដឹកនាំដោយលោក លី ឌីនូរី អនុប្រធានអចិន្រៃ្តយ៍អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង តំណាងឲ្យគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។
លោក លី ឌីនូរី បានបញ្ជាក់ថា កម្មវិធីប្រកួតក្រុមកីឡាការនីបាល់ទាត់នារី ផ្នែកខ្សោយសតិបញ្ញានៅទីក្រុងបាងកក ប្រទេសថៃ ក្នុងក្របខណ្ឌអាស៊ានចាប់ពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងថ្មីៗនេះ និងក្រុមកីឡាការិនីបាល់ទាត់យើងបានត្រឡប់មកមាតុប្រទេសវិញហើយ ដោយនាំមកជាមួយនូវចំណាត់ថ្នាក់លេខ១ និងមេដាយមាស១ជូនជាតិ។
នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ សូម្បីតែក្រុមនារីខ្សោយសតិបញ្ញាក៏មានលទ្ធភាពលេងកីឡាទទួលបានលទ្ធផលល្អដែរ គឺមិនចាញ់ប្រទេសនានាក្នុងតំបន់នោះឡើយ។
លោកបានបន្តថា កីឡាការិនីក្នុងអាស៊ានទាំងអស់ គឺបានទទួលចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងនោះ មានកីឡាការិនីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ២ បានទៅលើព្រះរាជាណាចក្រថៃ និងលេខ៣ បានទៅលើប្រទេសហ្វីលីពីន៕